
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី៣ ខែមេសា) នេះ បាននិយាយថា ខ្លួនបានទទួលយកញត្តិដែលដាក់ដោយអាជ្ញាធររៀបចំការបោះឆ្នោតដែលស្វែងរកការរំលាយគណបក្សប្រឆាំង គឺគណបក្សបោះជំហានទៅមុខ (Move Forward) ដោយសំណើរបស់គណបក្ស ដែលចង់ឲ្យមានកែសម្រួលច្បាប់ប្រមាថព្រះមហាក្សត្រ ត្រូវបានបកស្រាយថា ជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានដាក់សំណុំរឿងនេះទៅតុលាការ កាលពីថ្ងៃទី១២ ខែមីនា ដោយនិយាយថា ខ្លួនបានរកឃើញ «ភស្តុតាងសមហេតុផល» ដែលគោលនយោបាយរបស់គណបក្ស និងអតីតមេដឹកនាំលោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) បានស្វែងរកការផ្តួលរំលំរបបរាជានិយមដោយការស្នើសុំឲ្យមានវិសោធនកម្ម។
ច្បាប់ដែលគេហៅថា ប្រមាថចំពោះព្រះមហាក្សត្រនោះ ត្រូវចាត់ទុកជាអំពើខុសច្បាប់ សម្រាប់ការប្រមាថដល់ព្រះមហាក្សត្រ និងសមាជិករាជវង្សានុវង្សជាន់ខ្ពស់ដទៃទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធនេះ តុលាការធម្មនុញ្ញបានឲ្យដឹងថា «តុលាការបានរកឃើញការសង្ស័យដ៏សមហេតុផល ដើម្បីពិចារណាថា តើគណបក្សនេះបានបំពានច្បាប់បោះឆ្នោតដែរ ឬអត់» ដោយបន្ថែមថា ខ្លួនបានបញ្ជាឲ្យគណបក្សបោះជំហានទៅមុខ ដែលជាចុងចោទបញ្ជូនឯកសារពន្យល់ទៅតុលាការក្នុងរយៈពេល ១៥ថ្ងៃ។
ប្រសិនបើតុលាការសម្រេចរំលាយគណបក្សបោះជំហានទៅមុខមែននោះ លោក ភីថា និងនាយកប្រតិបត្តិចំនួន ៤៤រូបរបស់គណបក្ស នឹងត្រូវបានហាមឃាត់ដោយស្វ័យប្រវត្តិពីការធ្វើនយោបាយនៅថៃ រហូតដល់ ១០ឆ្នាំ៕