
ក្រសួងការបរទេសចិន និយាយថា សហរដ្ឋអាមេរិក និងចិន គួរតែងាកមកបង្កើតការរំពឹងទុកវិជ្ជមានសម្រាប់អនាគតប្រទេសទាំង ២ ជាជាងបង្កជម្លោះជាមួយនឹងការបង្ករឿង និងឆ្លងកាត់ខ្សែបន្ទាត់ក្រហម ។
លោក Wang Wenbin គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា បញ្ហាកោះតៃវ៉ាន់ គឺជាខ្សែបន្ទាត់ក្រហមទី ១ដែលមិនអាចឆ្លងកាត់ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិនបាន ។
លោក Wang បន្តថា សហរដ្ឋអាមេរិក បានចាត់វិធានការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដ៏តឹងរ៉ឹងលើចិនគ្មានទីបញ្ចប់ ។ បញ្ជីទណ្ឌកម្មលើក្រុមហ៊ុនចិន កាន់តែវែងជាងមុន ហើយនេះមិនត្រឹមតែមិនអាចដកចេញហានិភ័យនោះទេ វាមានតែបង្កើតហានិភ័យបន្ថែមទៀត ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីចិនរបស់លោក លោក Xi Jinping បានជួបគ្នាតាមទូរស័ព្ទរវាង កាលពីថ្ងៃអង្គារ ហើយលោក Biden បានលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីកម្មសិទ្ធិរបស់កម្មវិធី TikTok ។
លោក Biden បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺជាទំនាក់ទំនងដែលមានសារៈសំខាន់បំផុតលើពិភពលោក។ វឌ្ឍនភាពក្នុងទំនាក់ទំនង ចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បង្ហាញថា ភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការ ខណៈមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងខុសៗគ្នា ៕