
រថយន្តដឹកជំនួយមនុស្សធម៌ បានឆ្លងកាត់ព្រំប្រទល់ចូលទៅក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សានៅថ្ងៃពុធនេះ ។
ក្បួនរថយន្តបានស៊ីផ្លេ ពេលឆ្លងកាត់អ្នកឈរមើល ហើយហ្វូងមនុស្ស បានប្រញាប់ប្រញាល់រត់សំដៅទៅស្វាគមន៍ការមកដល់របស់ពួកគេ ។
អ៊ីស្រាអែល បានវាយប្រហារតាមច្រកអាកាសលើក្បួនរថយន្តដឹកជំនួយកាលពីថ្ងៃចន្ទ នៅតំបន់ហ្កាហ្សា ដោយបានសម្លាប់កម្មករ ៧នាក់មកពីអង្គការជំនួយសប្បុរសធម៌ World Central Kitchen ដែលរួមទាំងពលរដ្ឋមកពីអូស្រ្តាលី អង់គ្លេស និងប៉ូឡូញ ។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលបានសម្លាប់មនុស្ស ៧នាក់ដោយច្រឡំ ដែលធ្វើការឲ្យអង្គការជំនួយសប្បុរសធម៌ World Central Kitchen នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត បានអំពាវនាវឲ្យពន្យល់ ស្របពេលមានការថ្កោលទោសដ៏ទូលំទូលាយ ។
ដោយឡែក យោធាអ៊ីស្រាអែលបានសម្តែង ការសោកស្ដាយដោយស្មោះ ចំពោះឧបទ្ទវហេតុនេះ ដែលបានបង្កើនសម្ពាធជាអន្តរជាតិសម្រាប់ជំហាននានាដើម្បីបន្ធូរបន្ថយស្ថានការណ៍មនុស្សធម៌ដ៏មហន្តរាយនៅតំបន់ហ្កាហ្សា ជិតប្រាំមួយខែ ចូលទៅក្នុងដែនដីរងការឡោមព័ទ្ធដោយអ៊ីស្រាអែល និងការលុកលុយតំបន់ប៉ាឡេស្ទីន៕