
ក្រសួងសុខាភិបាលហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា ជនប៉ាឡេស្ទីនយ៉ាងហោច ៣២.៩៧៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧៥.៥៧៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីថ្ងៃ ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ។
ក្រសួងបានបន្តទៀតថា ជនប៉ាឡេស្ទីន ប្រហែល ៥៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៨៣នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ខណៈពេលនោះដែរ អង្គការជំនួយសប្បុរសធម៌ World Central Kitchen បានប្រកាសផ្អាកជាបន្ទាន់នូវប្រតិបត្តិការជំនួយរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីមានការសម្លាប់បុគ្គលិក ៧នាក់នៅក្នុងការវាយប្រហារតាមអាកាសរយៈពេលមួយយប់របស់អ៊ីស្រាអែល ។
អង្គការមិនរកប្រាក់ចំណេញមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបញ្ជាក់អំពីការសម្លាប់សមាជិក ៧នាក់នៃក្រុមរបស់ខ្លួននៅក្នុងការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្កាហ្សា ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា ក្រុមជំនួយកំពុងធ្វើដំណើរនៅក្នុងតំបន់គ្មានយោធានៅក្នុងរថយន្តពាសដែកពីរគ្រឿងដែលមានស្លាកសញ្ញារបស់អង្គការ ៕