
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ បានដាក់ពាក្យសុំឲ្យមានការពិនិត្យឡើងវិញទៅតុលាការ ដើម្បីស្នើអនុវត្តទោសនៅសល់ ក្រោមការឃុំខ្លួនក្នុងផ្ទះ។ លោកបានអះអាងថា មានព្រះរាជក្រឹត្យបន្ថែមរបស់ព្រះមហាក្សត្រម៉ាឡេស៊ីពីមុន ក្នុងការប្រទានការលើកលែង នៅថ្ងៃទី២៩ ខែមករា ដែលអនុញ្ញាតឲ្យលោកជាប់ទោសក្រោមការឃុំខ្លួនក្នុងផ្ទះ។ ពាក្យស្នើសុំនេះ ត្រូវបានដាក់តាមរយៈក្រុមហ៊ុនច្បាប់ Shafee & Co កាលពីថ្ងៃចន្ទ (ទី១ ខែមេសា)។
លោក Najib បានចេញឈ្មោះបន្តបន្ទាប់ជាបុគ្គលត្រូវឆ្លើយតបនឹងសំណើរនេះពី ១ដល់៧ ដែលមានដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការពន្ធនាគារ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាលើកលែងទោសដែនដីសហព័ន្ធ រដ្ឋមន្ត្រីក្នុងនាយកដ្ឋាននាយករដ្ឋមន្ត្រី (កំណែទម្រង់ច្បាប់ និងស្ថាប័ន) អគ្គនាយកកិច្ចការច្បាប់នៅក្នុងនាយកដ្ឋាននាយករដ្ឋមន្រ្ដី និងរដ្ឋាភិបាល។
គួរបញ្ជាក់ថា បុរសវ័យ ៧០ឆ្នាំរូបនេះ បានអនុវត្តទោសជាប់ពន្ធនាគារ នៅឯពន្ធនាគារ Kajang ចាប់តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ពីបទកេងយកថវិកាចំនួន ៤២លានរីងហ្គីក (ជិត ៩លានដុល្លារ) ក្នុងសំណុំរឿងរបស់ក្រុមហ៊ុន SRC International។
ក្រុមប្រឹក្សាលើកលែងទោសដែនដីសហព័ន្ធ បានបន្ថយការជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំរបស់លោកលើសំណុំរឿងពុករលួយរបស់ក្រុមហ៊ុន SRC International មកត្រឹម ៦ឆ្នាំ និងកាត់បន្ថយការផាកពិន័យចំនួន ២១០លានរីងហ្គីក មកត្រឹម ៥០លានរីងហ្គីត។ ក្រោយការបន្ធូរបន្ថយទោសនេះ លោកនឹងត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៨៕