
ការិយាល័យរបស់ប្រធានាធិបតីហ្វាំងឡង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំប្រទេសលោក Alexander Stubb នៅថ្ងៃពុធ (ទី៣ ខែមេសា) នេះ បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ជាកន្លែងដែលរូបលោក និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងការគាំទ្ររយៈពេលវែង រវាងប្រទេសទាំង២។
កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើប្រធានបទជាច្រើន ក្នុងនោះរួមទាំងការគាំទ្រផ្នែកនយោបាយ ការគាំទ្រដល់វិស័យការពារជាតិ និងសន្តិសុខរបស់អ៊ុយក្រែន និងការគាំទ្រសម្រាប់កំណែទម្រង់ និងការស្ដារប្រទេសឡើងវិញរបស់អ៊ុយក្រែន។
ការិយាល័យរបស់លោក Stubb បានឲ្យដឹងថា៖ «កិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំនេះ គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ប្រទេសហ្វាំងឡង់ ក្នុងការគាំទ្រអ៊ុយក្រែន»។
ជាមួយគ្នានេះ លោក Stubb ក៏បានប្រាប់លោក Zelenskiy ថា ហ្វាំងឡង់នឹងបញ្ជូនកញ្ចប់សម្ភារៈការពារជាតិមួយផ្សេងទៀតដែលមានតម្លៃប្រមាណជា ១៨៨លានអឺរ៉ូ (២០៣លានដុល្លារ) ដោយសរុបការរួមចំណែកផ្ដល់វិភាគទានរបស់ហ្វាំងឡង់ដល់អ៊ុយក្រែន គិតចាប់តាំងពីឆ្នាំ២០២២ មក ឡើងដល់ប្រហែល ២ពាន់លានអឺរ៉ូហើយ៕