
សភារបស់ប្រទេសន័រវ៉ែស បានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅថ្ងៃពុធ (ទី៣ ខែមេសា) នេះ ហើយនគរបាលបានរឹតបន្តឹងសន្តិសុខ នៅជុំវិញអគាររដ្ឋសភា ដោយបិទផ្លូវជាមួយចំនួននៅក្បែរនោះ។
អ្នកនាំពាក្យរបស់រដ្ឋសភាបាននិយាយថា ភ្ញៀវសាធារណៈដែលចូលរួមក្នុងការពិភាក្សា នៅខាងក្នុងអគារ ត្រូវបានស្នើសុំឲ្យចាកចេញ ខណៈពេលដែលសមាជិកសភាបន្តកិច្ចការរបស់ខ្លួនជាធម្មតា ក្នុងនោះរួមទាំងម៉ោងសាកសួររបស់រដ្ឋមន្ត្រីផងដែរ។
អ្នកនាំពាក្យនគរបាលបាននិយាយថា៖ «យើងឈរជើងនៅកន្លែងកើតហេតុ ដោយមានការល្បាតជាច្រើន ដើម្បីការពាររដ្ឋសភា និងការពារឧប្បត្តិហេតុដែលអាចកើតមាន។ យើងមិនទាន់មានព័ត៌មានថា មានការគំរាមកំហែងដល់ភាគីទី៣ នោះទេ»។
នគរបាលប្រដាប់អាវុធក្នុងឯកសណ្ឋានប្រឆាំងកុបកម្ម កំពុងដំឡើងរនាំងដែក ដើម្បីរារាំងការចូលទៅកាន់អគារ នៅកណ្តាលទីក្រុង Oslo ដែលជាធម្មតាសន្តិសុខមានភាពស្ងប់ស្ងាត់ជាងនេះ។ នគរបាលនៅប្រទេសន័រវ៉ែស ជាទូទៅមិនកាន់កាំភ្លើងនោះទេ៕