
អង្គការផ្ទះបាយកណ្ដាលសប្បុរសធម៌ពិភពលោក(WCK)នៅថ្ងៃពុធនេះ បានផ្សព្វផ្សាយរូបថតជាច្រើនសន្លឹករបស់បុរសជនជាតិអង់គ្លេសបីនាក់ ដែលនៅក្នុងចំណោមបុគ្កលិកផ្ដល់ជំនួយ៧នាក់ដែលបានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្បួនរថយន្ដរបស់ពួកគេក្នុងតំបន់ហ្កាហ្សា។
បុរសបីនាក់នោះ មានឈ្មោះ ដូចជា លោកជេម ហេនឌើរសិន (James Henderson) អាយុ៣៣ឆ្នាំ លោកជេម ឃើរប៊ី (James Kirby) អាយុ៤៧ឆ្នាំនិងលោក ចន ឆាបមែន(John Chapman)អាយុ៥៧ឆ្នាំ។
អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានអោយដឹងថា បុរសទាំងបីនាក់នោះគឺជាផ្នែកមួយនៃក្រុមសន្ដិសុខរបស់របស់អង្គការWCK។
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា អ្នកទាំងបីនាក់នោះ ជាអតីតទាហាននៅក្នុងកងទ័ពអង់គ្លេស និងបានធ្វើការជាអ្នកម៉ៅការសន្ដិសុខឯកជនអោយក្រុមហ៊ុនសូឡេស គ្លូបល(Solace Global) ដែលមានមូលដ្ឋាននៅប្រទេសងង់គ្លេស។
ការិយាល័យរបស់នាយករដ្ឋមន្រ្ដីអង់គ្លេស រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា លោកបានទាមទារឱ្យមានការស៊ើបអង្កេតហ្មត់ចត់ និងឯករាជ្យប្រកបដោយតម្លាភាពក្នុងការស្លាប់របស់អ្នកទាំងបី ក្នុងអំឡុងពេលការហៅទូរស័ព្ទទៅសមភាគីអ៊ីស្រាអែលបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអង្គារម្សឹលមិញ៕