សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្តេជ្ញាជាថ្មីម្តងទៀតថា រាជរដ្ឋា ភិបាលកម្ពុជានឹងខិតខំរួមចំណែកធ្វើយ៉ាងណាឲ្យសម្រេចបាននូវពិភពលោក ដែលគ្មានមីនបន្តទៀតខណៈគ្រាប់មីននេះ វាបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន៤ មេសា ២០២៤ រៀបចំឡើងក្រោមប្រធានបទ «ការពារជីវិត កសាងសន្តិភាព» ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោកនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។
តាមរយៈសារអបអរសាទរនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានបន្ថែមទៀតថា ក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាហាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស ឆ្នាំ ២០២៤ (អនុសញ្ញា អូតាវ៉ា )សម្តេចសូមស្នើដល់សហគមន៍ អន្តរជាតិ និងពិភពលោកទាំងមូលបន្តរួមគ្នា ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោកផងដែរ៕