អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ (NATO)លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធទី៣មេសា សប្ដាហ៍នេះថា ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ ចំពោះប្រទេសរុស្ស៊ី បង្កផលវិបាកផ្នែកសន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ ដែលសមាជិកទាំង៣២ប្រទេសរបស់សម្ព័ន្ធនេះ មិនអាចព្រងើយកន្តើយបានឡើយ។

ទីក្រុងព្យុងយ៉ាងបានផ្ដល់មីស៊ីលបាលីស្ទីក និងគ្រឿងសព្វាវុធផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលអ៊ីរ៉ង់ ក៏បានផ្តល់ឱ្យទីក្រុងមូស្គូ ផងដែរ នូវការផ្គត់ផ្គង់យានដ្រូន ហ្សាហ៊ីដ (Shahed)ដែលត្រូវបានប្រើជាញឹកញាប់ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែន។

ជាការតបស្នងវិញ រុស្ស៊ីបានផ្តល់បច្ចេកវិទ្យា និងការផ្គត់ផ្គង់ ដែលជួយដល់សមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំតូចធំរបស់មហាអំណាចលោកខាងលិច មេដឹកនាំទាំងនោះ តែងតែបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងតេអេរ៉ង់ អាចនឹងបញ្ជូនមីស៊ីលបាលីស្ទីកទៅឱ្យរុស្ស៊ីក្នុងពេលឆាប់ៗនេះ។ស្របពេលក្រុមរដ្ឋមន្ត្រីសម្ព័ន្ធណាតូ បានជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលនៅសប្ដាហ៍នេះ លោក Stoltenberg បាននិយាយថា មិត្តរបស់រុស្ស៊ី នៅអាស៊ី គឺសំខាន់សម្រាប់ការបន្តសង្គ្រាមឈ្លានពាននេះ។

លោកបានបន្តថា ប្រទេសចិន ក៏កំពុងជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ីផងដែរ។
លោក Stoltenberg បាននិយាយថា ប្រការទាំងនោះអាចបង្កឲ្យមានផលវិបាកផ្នែកសន្តិសុខក្នុងតំបន់ និងពិភពលោក ដោយបន្ថែមថាបណ្ដារដ្ឋមន្ត្រី នឹងពិភាក្សាថាតើត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា។កាលពីខែកុម្ភៈ សារព័ត៌មាន Reuters បានរាយការណ៍ថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវ មីស៊ីលបាលីស្ទីក បាញ់ពីដីទៅដីដ៏មានប្រសិទ្ធភាពជាច្រើន ដោយបានលើកឡើងពីប្រភពចំនួនប្រាំមួយ ជាសញ្ញានៃការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលសុទ្ធតែត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក៕