នាវាមួយគ្រឿង ក្នុងចំណោមនាវាដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា បានត្រឡប់ទៅកំពង់ផែក្នុងប្រទេសស៊ីបវិញកាលពីថ្ងៃពុធ បន្ទាប់ពីការស្លាប់បុគ្គលិកផ្តល់ជំនួយប្រាំពីរនាក់របស់អង្គការសប្បុរសធម៌ World Central Kitchen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

មន្ត្រី បាននិយាយថា ជំនួយដែលពុំទាន់បានប្រគល់ ត្រូវបានរៀបចំដោយអង្គការ World Central Kitchen (WCK) និងអង្គការសប្បុរសធម៌ Open Arms របស់ប្រទេសអេស្ប៉ាញ បានត្រឡប់ទៅវិញ បន្ទាប់ពីអង្គការ WCK បាននិយាយថា ខ្លួននឹងផ្អាកការងារនៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។
បុគ្គលិកអង្គការ World Central Kitchen ទើបតែបានរើចេញជំនួយស្បៀងអាហារចំនួន ១០០ តោនពីនាវាដែលធ្វើដំណើរពីប្រទេសស៊ីប នៅពេលនោះអ៊ីស្រាអែល បានវាយប្រហារក្បួនរថយន្តរបស់ពួកគេពេញមួយយប់កាលពីថ្ងៃចន្ទ ទី១ មេសា នៅក្នុងការវាយប្រហារតាមអាកាស។

នាវារបស់អង្គការ Open Arms ដែលបានមកដល់កំពង់ផែ Larnaca របស់ប្រទេសស៊ីប កាលពីថ្ងៃពុធ គឺជាផ្នែកមួយនៃក្បួននាវា ដែលរួមមាននាវាផ្ទុកទំនិញ បានកំណត់ពេលចេញដំណើរកាលពីថ្ងៃទី ៣០ ខែមីនា។
មន្ត្រីប្រទេសស៊ីប បាននិយាយថា មានតែនាវាដឹកជំនួយមួយគ្រឿងប៉ុណ្ណោះដែលត្រូវបានរើចេញ ហើយជំនួយដែលនៅសល់ចំនួនពីរភាគបីបានបញ្ជូនត្រឡប់ទៅវិញ។
អង្គការ WCK បានធ្វើការងារដ៏សកម្មនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ដោយនាំមកស្បៀងអាហារតាមផ្លូវគោក និងក៏ចូលរួមក្នុងការទម្លាក់ជំនួយពីយន្តហោះផងដែរ។
កាលពីខែមីនា អង្គការនេះបានបើកដំណើរការច្រករបៀងសមុទ្រក្នុងការដឹកជញ្ជូនជំនួយ ទៅតំបន់ហ៊ុមព័ទ្ធហ្កាហ្សាពីប្រទេសស៊ីប។