មេចុងភៅដ៏ល្បីឈ្មោះ លោក ហូសេ អាន់ដ្រេស (Jose Andres) បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងបទសម្ភាសន៍ដ៏រំជួលចិត្តមួយកាលពីថ្ងៃពុធ (០៣ មេសា) ថាការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់បុគ្គលិកផ្ដល់ជំនួយស្បៀងអាហាររបស់ខ្លួនចំនួន ៧ នាក់នៅតំបន់ហ្កាហ្សា បានដាក់គោលដៅលើពួកគេ «ជាប្រព័ន្ធ» «វាយប្រហាររថយន្តម្ដងមួយៗ» និង «ដោយចេតនា» ខណៈលោកបានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថានោះគឺជាកំហុសឆ្គងអចេតនា។

ថ្លែងតាមរយៈវីដេអូ លោក អាន់ដ្រេស បាននិយាយថា ក្រុមសប្បុរសធម៌ផ្ទះបាយកណ្ដាលរបស់ពិភពលោក (WCK) ដែលលោកបានបង្កើត មានទំនាក់ទំនងច្បាស់លាស់ជាមួយយោធាអ៊ីស្រាអែល ហើយពួកគេដឹងពីការចល័តរបស់បុគ្គលិកជំនួយ រួមទាំងកងកម្លាំងការពារ IDF បានដឹងយ៉ាងច្បាស់អំពីទីតាំងរបស់ក្បួនរថយន្ត។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងដោយប្រទេសកំណើតរបស់បុគ្គលិកជំនួយទាំងអស់ដែលត្រូវបានសម្លាប់។

បុគ្គលិកផ្តល់ជំនួយទាំងនោះត្រូវបានសម្លាប់ នៅពេលដែលក្បួនរថយន្តរបស់ពួកគេត្រូវបានវាយប្រហារភ្លាមៗបន្ទាប់ពីពួកគេបានត្រួតពិនិត្យការដឹកស្បៀងអាហារចំនួន ១០០ តោនដែលនាំយកទៅកាន់តំបន់ហ្កាហ្សាតាមសមុទ្រ។ យោធាអ៊ីស្រាអែលបានសម្តែង «ការសោកសៅយ៉ាងខ្លាំង» ចំពោះឧបទ្ទវហេតុនេះ ហើយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានហៅឧប្បត្តិហេតុនោះថាជារឿងអចេតនា។

យោងតាមអង្គការសហប្រជាជាតិ យ៉ាងហោចណាស់មានបុគ្គលិកមនុស្សធម៌ចំនួន ១៩៦ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សាចាប់តាំងពីខែតុលាមក ហើយក្រុមហាម៉ាស ពីមុនបានចោទប្រកាន់អ៊ីស្រាអែលថាបានកំណត់គោលដៅលើទីតាំងចែកចាយជំនួយ៕