រដ្ឋាភិបាលហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា អាកាសធាតុដ៏ក្តៅគគុកបានបង្ខំឱ្យសាលារៀនចំនួន ៣.៩៥៤ កន្លែងនៅទូទាំងប្រទេសហ្វីលីពីន អនុវត្តវិធីសាស្រ្តរៀនតាមអនឡាញជាជម្រើសដើម្បីការពារសិស្សានុសិស្សពីសន្ទស្សន៍កម្ដៅដ៏ខ្ពស់នេះ។

នាយកដ្ឋានអប់រំរបស់ប្រទេសហ្វីលីពីន (DepEd) បាននិយាយថា សាលារៀនជាច្រើនបានជ្រើសរើសឈប់រៀនក្នុងថ្នាក់ដោយផ្ទាល់ ដូច្នេះសិស្សអាចសិក្សាពីលំនៅឋានរបស់ពួកគេជំនួសឱ្យការទៅសាលារៀន និងជៀសវាងការប៉ះពាល់នឹងអាកាសធាតុក្តៅ។

នាយកដ្ឋានអប់រំបាននិយាយថា សាលារៀនទាំងនោះដែលមានអ្នកសិក្សាជាង ១,៣ លាននាក់នៅក្នុងតំបន់ចំនួន ១១ រួមទាំងតំបន់ មេត្រូ ម៉ានីឡា (Metro Manila) ផងដែរ។ ក្រសួងសុខាភិបាលក៏បានព្រមានសាធារណជនពីជំងឺដែលទាក់ទងនឹងកម្ដៅ ដែលកាន់តែរីករាលដាលជាមួយនឹងសីតុណ្ហភាពក្ដៅខ្លាំងស្ទើតែទូទាំងប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សីតុណ្ហភាពសន្ទស្សន៍កម្ដៅឡើងខ្ពស់រហូតដល់ ៤៥ អង្សារសេ ត្រូវបានកត់ត្រានៅក្នុងខេត្តមួយចំនួនចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ហើយលក្ខខណ្ឌអាកាសធាតុបែបនេះនឹងនៅតែបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត៕