ក្រុមអ្នកជួយសង្គ្រោះរបស់កោះតៃវ៉ាន់ បានបញ្ជូនឧទ្ធម្ភាគចក្រទៅនាំយកមនុស្ស ដែលជាប់ខ្លួននៅតំបន់ភ្នំ ហ័រលៀន (Hualien) នៅថ្ងៃព្រហស្បតិ៍ (០៤ មេសា) នេះ រយៈពេលមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័របានអង្រួនកោះនេះ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់។

ចំនួនអ្នករងរបួសបានកើនឡើងលើសពី ១.០០០ នាក់ ដោយបុគ្គលិកប្រហែល ៥០ នាក់ដែលកំពុងធ្វើដំណើរទៅកាន់សណ្ឋាគារក្នុងឧទ្យានជាតិមួយ នៅតែបន្តបាត់ខ្លួននៅឡើយ។
កម្មករបានចាប់ផ្តើមរុះរើអគារដែលរងគ្រោះដោយរញ្ជួយដីនៅតំបន់ ហ័រលៀន ខណៈដែលយានអេស្កាវ៉ាទ័រ ត្រូវបានគេមើលឃើញរុញកម្ទេចថ្មចេញពីអគារដែលរងការខូចខាត ហើយកម្មករត្រូវបានគេឃើញខួងនៅលើជញ្ជាំងផ្នែកខាងក្រៅនៃអគារដែលបានផ្អៀង។

ការរញ្ជួយ ដែលជាគ្រោះធម្មជាតិខ្លាំងក្លាបំផុតក្នុងរយៈពេល ២៥ ឆ្នាំរបស់តៃវ៉ាន់នេះ បានវាយប្រហារក្នុងជម្រៅ ១៥,៥ គីឡូម៉ែត្រកាលពីព្រឹកព្រលឹមថ្ងៃពុធ (០៣ មេសា) ខណៈដែលមនុស្សម្នាកំពុងត្រៀមខ្លួនដើម្បីទៅធ្វើការ និងទៅរៀន ដោយផ្តោតលើតំបន់ជនបទភាគខាងកើត និងមិនសូវមានប្រជាជនរស់នៅនៃតំបន់ ហ័រលៀន។

ក្រុមមន្ត្រីឧតុនិយមតៃវ៉ាន់ បានចាត់ចំណាត់ថ្នាក់ការរញ្ជួយដីកាលពីថ្ងៃពុធនៅតំបន់ ហ័រលៀន នេះថាជារញ្ជួយ «កម្រិតកំពូលលេខ ៦» ឬកម្រិតខ្លាំងបំផុតទីពីរនៅលើមាត្រដ្ឋានចាប់ពីកម្រិត ១ ដល់កម្រិត ៧ របស់ខ្លួន៕