ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាសំដៅបញ្ចប់ជំងឺរបេង២០២៤-២០២៥ខាងមុខនេះ។ ការថ្លែងរបស់ឯកឧត្តម វេជ្ជបណ្ឌិត អ៊ឹង ភីរុន យ៉ាងដូច្នេះក្នុងពិធីបើកសន្និបាតការងារកម្ចាត់រោគរបេងទូទាំងប្រទេសលើកទី ២៧ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ ២០២៤។

ឯកឧត្តម វេជ្ជបណ្ឌិត បានលើកឡើងទៀតថា សម្រាប់ការងារកម្ចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៤-២០២៥ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើនដើម្បីបំពេញ ស្របតាមយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។ ជាពិសេសដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី២០២៤ ក៏ដូចជាឆ្នាំបន្ត យើងត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឲ្យឆាប់មកទទួល សេវារបេង ប្រកបដោយគុណភាព។ ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេស ការអង្កេត ស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៏ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្ស មានវ័យចំណាស់ និងនៅពន្ធនាគារជាដើម ។ បន្តពង្រឹងការសហការការងារររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រា ឈឺ និងស្លាប់ដោយសារបញ្ហានេះ។ ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានបញ្ជាក់ថា សមិទ្ធិផលដែលទទួលបានគួរជាទីមោទនៈ នេះគឺអាស្រ័យដោយមានការគាំទ្រ លើកទឹកចិត្តពី សំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរដែនដី មន្ត្រីបម្រើការងាររបេងគ្រប់ថ្នាក់ ការជួយឧបត្ថម្ភជាបច្ចេកទេស ថវិកា និង សម្ភារ ក្នុងសកម្មភាព ការងារប្រយុទ្ធនឹងជំងឺរបេង ពីសំណាក់អង្គការដៃគូជាតិ អន្តរជាតិ និងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួល ដ៏ល្អប្រសើររបស់មន្ត្រីសុខាភិបាលបម្រើការនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាលផងដែរ ព្រមទាំងមានការស្ម័គ្រ ចិត្តចូលរួមថែទាំ និងព្យាបាលអ្នកជំងឺរបេងពីអ្នកស្ម័គ្រចិត្តតាមភូមិ រួមទាំងញាតិមិត្តសាច់សាលោហិតរបស់ អ្នកជំងឺ រួមទាំងអតីតអ្នកជំងឺរបេងទៀតផង។

បើតាមលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឲ្យដឹងថា នៅឆ្នាំ២០២២ នៅទូទាំងសកលលោក មានអ្នកជំងឺរបេងថ្មីកើតមានប្រមាណចំនួន ១០លាន ៦ សែននាក់ ក្នុងនោះមានតែ ៧លាន៥សែន ករណីប៉ុណ្ណោះ ដែលបានស្រាវជ្រាវរកឃើញ និងរាយការណ៍ទៅអង្គការសុខភាពពិភពលោក ដូចនេះ នៅសល់ជំងឺប្រមាណ ៣លាន១នាក់ទៀត ពុំបានទទួល សេវា ស្រាវជ្រាវ និងព្យាបាលនៅ ឡើយ។ លើសពីនេះទៀត ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុង មួយឆ្នាំៗ ប្រមាណ១លាន ៣ សែននាក់ (១ ៣០០ ០០០នាក់)។ ចំណែកនៅកម្ពុជា ក្នុងឆ្នាំ២០២៣ កន្លងមកនេះ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសំរបសំរួលល្អ របស់មន្ត្រីសុខាភិបាលបំរើការងារនៅមន្ទីរ ពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និង ស្ថាប័នមិនមែនសុខាភិបាល បានធ្វើឱ្យកម្មវិធីជាតិកម្ចាត់ រោគរបេង បានទទួលសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបាន អត្រាព្យាបាលជោគជ័យបាន ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែល កំណត់ត្រឹមតែ ៩០%។ ស្រាវជ្រាវជំងឺរបេងសរុបបាន ៣២ ២៨៦ ករណី ។ សកម្មភាពសហការការងារ របេងអេដស៍ មាននៅគ្រប់ស្រុកប្រតិបត្តិទាំងអស់នៅឆ្នាំ ២០២៣ ដែលក្នុងឆ្នាំ២០០៨ មានតែ ៥៧ ស្រុក ប្រតិបត្តិប៉ុណ្ណោះ ហើយសេវារបេងកុមារក៏មាននៅគ្រប់ស្រុកប្រតិបត្តិផងដែរ។ កម្មវិធីជាតិកម្ចាត់រោគរបេង មានមណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១ កន្លែងនៅឆ្នាំ២០២៣។ យើងមានសេវា PPM- DOTS ក្នុង១៤ ខេត្ត និង ៣៤ ស្រុកប្រតិបត្តិ ក្នុងឆ្នាំ២០២៣៕ អត្ថបទ រដ្ឋា



