ក្នុងរយៈពេលមួយសប្តាហ៍ទៀត នៅមុនការបោះឆ្នោតសកលរបស់ប្រទេសកូរ៉េខាងត្បូង សារព័ត៌មានក្នុងស្រុកធំមួយ បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងធំ កំពុងនាំមុខ។ ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតសកលរៀងរាល់បួនឆ្នាំម្តង។ អ្នកបោះឆ្នោត នឹងបោះឆ្នោតរបស់ពួកគេនៅថ្ងៃពុធ សប្តាហ៍ក្រោយ។

ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា ជាការវាយតម្លៃពាក់កណ្តាលអាណត្តិនៃរដ្ឋបាលរបស់ប្រធានាធិបតី លោក Yoon Suk-yeol ដែលបានកាន់តំណែងរយៈពេលពីរឆ្នាំមកនេះ។
មេដឹកនាំគណបក្សផ្សេងៗ ត្រូវបានគេមើលឃើញថាបានទៅពិនិត្យមណ្ឌលបោះឆ្នោតជាកន្លែងដែលការប្រកួតប្រជែងជិតខិតចូលមកដល់។

លោក Han Dong-hoon មេដឹកនាំបណ្ដោះអាសន្នរបស់គណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច បាននិយាយទៅកាន់អ្នកបោះឆ្នោតនៅទីក្រុង Chungju កាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីលោកដោយបាននិយាយថា ស្ថានភាពបច្ចុប្បន្នគឺដូចជាការដើរលើទឹកកកដ៏ស្តើង។ លោកនិយាយថា ការធានាបានជ័យជម្នះនៅក្នុងតំបន់ប្រជែងគ្នាយ៉ាងប្រកៀកប្រកិត នឹងធ្វើឱ្យមានភាពខុសគ្នា សម្រាប់គណបក្សអំណាចប្រជាជន(PPP)។

ទន្ទឹមនឹងនោះ ប្រធានគណបក្សប្រជាធិបតេយ្យ ជាបក្សប្រឆាំងធំ លោក លី ចា មីយុង(Lee Jae-myung) បានចូលរួមក្នុងពិធីមួយ ដែលរំលឹកការបះបោរមានឈ្មោះថា Jeju ថ្ងៃទី ៣ ខែមេសា នៅលើកោះភាគខាងត្បូងក្នុងឆ្នាំ ១៩៤៨ ដែលពេលនោះ ប្រជាជនកោះត្រូវបានធ្វើទុក្ខបុកម្នេញដោយក្រុមអភិរក្សនិយម។
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកបានចាត់ទុកគណបក្សកាន់អំណាចថាជា «អ្នកបន្តជំនាន់»" នៃឧបទ្ទវហេតុនេះ។ ការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap កាលពីថ្ងៃពុធ បានសម្ភាសជាមួយអ្នកជំនាញនយោបាយនិងអ្នកផ្សេងៗជាច្រើននាក់។
សារព័ត៌មាននេះរាយការណ៍ថា អ្នកជំនាញជាច្រើនបានដាក់គណបក្សប្រជាធិបតេយ្យ នាំមុខគណបក្សអំណាចប្រជាជន(PPP)។ ក្នុងពេលជាមួយគ្នានេះដែរ បេក្ខជនគណបក្សប្រជាធិបតេយ្យមួយចំនួនស្ថិតនៅក្រោមការពិនិត្យពិច័យពីប្រព័ន្ធផ្សព្វផ្សាយ។ បេក្ខជនម្នាក់ ត្រូវបានគេចោទប្រកាន់ពីបទរើសអើងលើពាក្យសម្តីរបស់ស្ត្រី ខណៈម្នាក់ទៀតត្រូវបានចោទប្រកាន់ថាបានទទួលយកប្រាក់កម្ចីឥណទានដោយខុសច្បាប់ដ៏ច្រើនលើសលប់។