អង្គការសហប្រជាជាតិ បានបង្កើនការព្រមានកាលពីថ្ងៃពុធ អំពីការកើនឡើងជាសកលដែលគួរឱ្យព្រួយបារម្ភ នៅក្នុងឧបទ្ទវហេតុដែលជំនួយមនុស្សធម៌សម្រាប់កុមារ ត្រូវបានរារាំង ដោយព្រមានពីផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកដែលងាយរងគ្រោះបំផុត។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីកុមារនិងជម្លោះប្រដាប់អាវុធ លោកស្រី វឺជីនៀ ហ្គាំបា( Virginia Gamba) តំណាងពិសេសទទួលបន្ទុកកុមារ និងជម្លោះប្រដាប់អាវុធ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននាំមកការបំភ្លឺអំពីការពន្លឿនជាបន្ទាន់នៃការដោះស្រាយផលវិបាកចំពោះការបដិសេធដំណើរការមនុស្សធម៌សម្រាប់កុមារ។

លោកស្រី Gamba បាននិយាយថា នៅឆ្នាំ ២០២២ តួលេខខ្ពស់បំផុតនៃការបដិសេធដំណើរការ ត្រូវបានផ្ទៀងផ្ទាត់នៅក្នុងដែនដីប៉ាឡេស្ទីន ប្រទេសយេម៉ែន អាហ្វហ្គានីស្ថាន និងប្រទេសម៉ាលី ដោយបញ្ជាក់អំពីនិន្នាការដែលទំនងជាកាន់តែធ្ងន់ធ្ងរទៅៗជាសាកល ដោយសារតែការអនុម័តច្បាប់រឹតត្បិត ក្រឹត្យរដ្ឋបាល និងបង្កើនការគ្រប់គ្រងលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។
លោកស្រីបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះត្រូវតែទទួលខុសត្រូវចំពោះការរារាំងកុមារមិនឲ្យទទួលបានជំនួយសង្គ្រោះជីវិត ដែលគំរាមកំហែង មិនត្រឹមតែការរស់រានមានជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរីកលូតលាស់ និងការវិវឌ្ឍន៍រយៈពេលវែងរបស់ពួកគេផងដែរ។
លោកស្រី Gamba និយាយថា ការបដិសេធដំណើរការចូលផ្នែកមនុស្សធម៌ រួមមានការរំលោភបំពានជាច្រើន រួមទាំងការរឹតបន្តឹងលើសកម្មភាពមនុស្សធម៌ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការ ការវាយប្រហារដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអំពើហិង្សាលើបុគ្គលិកផ្តល់ជំនួយមនុស្សធម៌។
លោកស្រី Gamba បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានជម្លោះ ដើម្បីអនុញ្ញាត និងសម្របសម្រួលដំណើរការផ្នែកមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងគ្មានការរារាំង ដោយសង្កត់ធ្ងន់លើកាតព្វកិច្ចក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់កុមារដែលត្រូវការជំនួយ។