អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន (Antony Blinken)កាលពីថ្ងៃពុធ បាននិយាយជាមួយប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក Ilham Aliyev អំពីសារៈសំខាន់នៃការជំរុញដំណើរការសន្តិភាពជាមួយប្រទេសជិតខាង អាមេនី។
ទីក្រុងយ៉េរ៉េវ៉ាន់ បានរងបរាជ័យដ៏ធំមួយកាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលកងកម្លាំងរបស់ទីក្រុងបាគូ ដណ្តើមយកតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ខណៈពេលដែលផ្នែកមួយនៃអាស៊ែរ បៃហ្សង់ មានប្រជាជនអាមេនីដ៏ច្រើនលើសលុប។
សាធារណរដ្ឋកូកាសខាងត្បូងទាំងពីរ កំពុងព្យាយាមយល់ព្រមលើសន្ធិសញ្ញាសន្តិភាពផ្លូវការមួយ ប៉ុន្តែការពិភាក្សា បានក្លាយទៅជាបញ្ហាជាច្រើនរួមទាំងការបោះបង្គោលព្រំដែនប្រវែង១.000 គីឡូម៉ែត្រ (៦២០ ម៉ាយ) របស់ពួកគេ ដែលនៅតែបិទ និងមានយោធាឈរជើងយ៉ាងច្រើន។
ការសង្ស័យគ្នាទៅវិញទៅមក នៅតែមានកម្រិតខ្ពស់ ហើយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិអាស៊ែរបៃហ្សង់ បាននិយាយថា ប្រទេសអាមេនី កំពុងប្រមូលផ្តុំកងទ័ពនៅតាមផ្នែកនៃព្រំដែន។ ប្រទេសអាមេនី បានច្រានចោលរបាយការណ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្ល៊ីនខិន បានប្រាប់លោក Aliyev ថា មិនមានហេតុផលសម្រាប់ការកើនឡើងភាពតានតឹង នៅតាមព្រំដែននោះទេ ហើយបានព្រមានថា សកម្មភាពឈ្លានពាន និងវោហាស័ព្ទពីភាគីណាមួយនឹងធ្វើឲ្យខូចដល់ក្តីរំពឹងទុកចំពោះសន្តិភាព។