អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងគោលដៅពង្រឹងការប្រមូលចំណូលក្នុងឆ្នាំនេះឲ្យបានល្អប្រសើរ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការប្រមូលចំណូល ដែលស្ថិតក្រោមសមត្ថកិច្ចគយ និងរដ្ឋាករ ក្នុងឆ្នាំ២០២៤នេះថា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ជាក់ស្តែងមកដល់ពេលនេះសេដ្ឋកិច្ចពិភពលោកក៏ដូចកម្ពុជាបានរើបឡើងវិញ ប៉ុន្តែមិនទាន់មានភាព ប្រាកដប្រជានៅឡើយ នៃការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈឹមបូព៌ា, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាដើម ដែលអាចនៅបង្កការរំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជា តម្រូវការនៃការប្រើប្រាស់។

ឯកឧត្ដមបណ្ឌិតបន្តថា តែទោះបីយ៉ាងណា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលដៅពង្រឹងការប្រមូលចំណូលក្នុងឆ្នាំនេះ ឲ្យបានកាន់តែល្អប្រសើរ តាមផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណជាង ៩ ២៦៧ ប៊ីលានរៀល ស្មើ ២ ២៨៨ លានដុល្លារអាម៉េរិក ដោយសម្រេចបានជាង ៨២ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ដោយឡែកនៅក្នុងឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានកំណត់ដល់ការប្រមូលចំណូល ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង ៧ ភាគរយ នៃ ផ.ស.ស ពោគគឺមានការថយចុះប្រមាណ ០,២ ភាគរយ បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី
