មន្រ្ដីដែលជាក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សនយោបាយនានានៅតាមសាលាឃុំសង្កាត់ បានសម្តែងការគាំទ្រ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានសមាជិកសមាជិកាព្រឹទ្ធសភា នីតិកាលទី៥ ទាំងមូលបោះឆ្នោះគាំទ្រធ្វើជាប្រធានព្រឹទ្ធសភា ខណៈបណ្តាម្ចាស់ឆ្នោតរំពឹងថា ក្នុងដំណើរបេសកកម្មរបស់សម្តេចតេជោនឹងជួយពង្រឹងនីតិរដ្ឋរបស់កម្ពុជាឱ្យបានរឹតតែរឹងមាំថែមទៀត។
បណ្តាសមាជិកក្រុមប្រឹក្សាសង្កាត់ នៅក្រុងតាខ្មៅខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែមេសានេះថា ក្នុងនាមជាម្ចាស់សន្លឹកឆ្នោតនៅថ្នាក់មូលដ្ឋាន គឺមានការពេញចិត្ត កក់ក្តៅជាខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន បានជាប់ឆ្នោតធ្វើប្រធានព្រឹទ្ធសភា នីតិកាលទី៥ ហើយរំពឹងថា នៅក្នុងដំណើការបំពេញបេសកកម្មជាប្រធានព្រឹទ្ធសភា សម្តេចនឹងបន្តរួមចំណែក សម្របសម្រួល ជំរុញស្ថាប័នរាជរដ្ឋាភិបាល អនុវត្តច្បាប់ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងស្ថាប័នរាជរដ្ឋាភិបាលអភិវឌ្ឍន៍ឃុំសង្កាត់បន្តការរីកចំរើនថែមទៀត។
ក្រោយមកនៅថ្ងៃទី៣ ខែមេសានេះ ម្សិលមិញនេះ ព្រឹទ្ធសភា នីតិកាលទី៥ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ហើយសមាជិកព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល៕ អត្ថបទ ស៊ុម សុខជា




