
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរ ទេសមេគង្គ-គង្គាលើកទី១១ ជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកមេគង្គ ដទៃទៀត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅយប់ថ្ងៃទី២១ ខែកក្កដា។ ប្រភពដដែលបន្តថា នាឱកាសគម្រប់ខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា(២០ ០០-២០២០) រដ្ឋមន្រ្តីទាំងអស់ បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈពេល៤ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ២០១៩-២០២២។
កិច្ចប្រជុំ ក៏បើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាធនធានធម្មជាតិ សង្គម និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក។
គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានពន្យារពេលដល់ការប្រារព្ធខួបអនុស្សាវរីយ៍២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប ប្រទេសកម្ពុជា។
រដ្ឋមន្រ្តីទាំងអស់បានសម្តែងក្តីសង្ឃឹមថា នឹងអាចរៀបចំព្រឹត្តិការណ៍អបអរសាទរក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ មានភាពប្រសើរឡើង។
រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរចំពោះការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ-គង្គា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
ដោយយល់ច្បាស់អំពីបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្រ្តីទាំងអស់បានឯកភាពលើការធ្វើសិក្ខាសា លាជាក់ស្តែង ដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការនៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដា លជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញការផ្លាស់ប្តូរគំនិត ស្តីពីវិធីលើកកម្ពស់សុខភាពសាធារណៈ និងធានាបាននូវសន្តិសុខសុខភាពក្នុងយុគសម័យក្រោយការរាតត្បាតកូវីដ-១៩ ជាពិសេសការអភិវឌ្ឍការស្រាវ ជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។ រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ជំនួយរបស់ឥណ្ឌាដល់បណ្តាប្រទេសមេគង្គ ក្រោមគម្រោងទទួលផលរហ័ស(Quick Impact Projects) នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ គ ម្រោងចំនួន៣៨ បានបញ្ចប់ និង ៣០គម្រោងផ្សេងទៀតកំពុងអនុវត្ត។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្ភាពជាច្រើនក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បា នចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។
ព្រមជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ព ស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្តេជ្ញាចិត្តច្បាស់លាស់របស់ប្រទេសឥណ្ឌា ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័ស ចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដោយបាននាំមកនូវលទ្ធផលជា ក់ស្តែងជាច្រើន ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ និងបានថ្លែងអំណរគុណផងដែរ ចំពោះប្រទេសឥណ្ឌា ដែលបានបង្កើននូវការផ្តល់ជំនួយសម្រាប់គម្រោងទទួលផលរហ័សដល់កម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅខេត្តសៀមរាប ដែលជាសមិទ្ធផលមួយដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
ជាអកុសល ឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សារមន្ទីរ។ ក្នុងន័យនេះ មានតែផែនការស្តារឡើងវិញរបស់សារមន្ទីរ ដែលមានការគាំទ្រពីបណ្តាប្រទេសជាសមាជិកតែប៉ុណ្ណោះ ទើបអាចដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ហើយអាចឈានទៅរកភាពប្រក្រតីជាថ្មីឡើងវិញ៕ ដោយ៖ គង់ ឌិន
