ចាប់ពីខែមេសា ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីជំនួយសង្គមថ្មី គឺ «កម្មវិធីកញ្ចប់គ្រួសារ» ដែលកម្មវិធីនេះជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ គ្របដណ្ដប់គ្រប់ជ្រុងជ្រោយលើប្រជាពលរដ្ឋក្រុមគោលដៅជាច្រើន ដោយគ្រោងចំណាយថវិកាប្រមាណ១៤០លានដុល្លារក្នុង១ឆ្នាំ សម្រាប់អនុវត្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
កម្មវិធី«កញ្ចប់គ្រួសារ» ជាកម្មវិធីជំនួយសង្គមថ្មី ដែលរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្ត ក្រោយបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ កម្មវិធីនេះ មានលក្ខណៈខុសពីកម្មវិធីកន្លងទៅ ព្រោះកម្មវិធីនេះមានលក្ខណៈជាអចិន្ត្រៃយ៍ ពុំមែនអនុវត្តត្រឹមតែពេលមានគ្រោះអាសន្នណាមួយនោះទេ។ រីឯក្រុមគោលដៅទទួលផល នៅតែជាគ្រួសារមានបណ្ណសមធម៌។
ចាប់រាប់ពីថ្ងៃទី ១ ខែមេសា មន្ត្រីតាមមូលដ្ឋានកំពុងចាប់ផ្ដើមយុទ្ធនាការចុះឈ្មោះគ្រួសារក្រីក្រចូលទៅក្នុងកម្មវិធី «កញ្ចប់គ្រួសារ» នៅតាមភូមិដ្ឋានដោយផ្ទាល់។ ក្រោយធ្វើបច្ចុប្បន្នភាពថ្មីៗនេះ តាមការបញ្ជាក់របស់ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ បញ្ជាក់ថា ចំនួនគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលបច្ចុប្បន្នមានក្នុងរង្វង់ ៨០ ម៉ឺនគ្រួសារ។
ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បញ្ជាក់បន្ថែមថា ចំពោះថវិកាដែលគ្រោងចំណាយសម្រាប់រយៈពេល ១២ខែ ពេញមួយឆ្នាំវិញ គឺមានទំហំទឹកប្រាក់ប្រមាណ ១៤០ លានដុល្លារ។
សម្រាប់ការអនុវត្តកម្មវិធី«កញ្ចប់គ្រួសារ»នេះ គឺមានការអនុវត្តជារួម ពុំមានការបែងចែកទីតាំងរស់នៅ ឬបណ្ណក្រីក្រប្រភេទ ១ រឺប្រភេទ ២ នោះទេ។ ជាប្រាក់គោលសម្រាប់ គ្រួសារមានបណ្ណសមធម៌ ដែលជាទូទៅស្គាល់ថាជាបណ្ណក្រីក្រ គឺទទួលបានថវិកា ៣៤០០០ រៀល ក្នុងមួយគ្រួសារជារៀងរាល់ខែ។ ចំពោះគ្រួសារ ដែលមានសមាជិកវ័យចាស់អាយុចាប់ពី ៦០ឆ្នាំឡើង កុមារកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ នឹងទទួលបានថវិកាបន្ថែមផងដែរ។
លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម បញ្ជាក់ថា ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំវិញ ក៏ទទួលបានថវិកាបន្ថែមផងដែរ នៅពេលពួកគេបំពេញលក្ខណ្ឌ ពេលពិនិត្យផ្ទៃពោះ ពេលសម្រាល និងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យរដ្ឋ។
សូមបញ្ជាក់ថា កម្មវិធី «កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺកម្មវិធីអាហារូករណ៍សិស្សក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០ឡើងទៅ៕ អត្ថបទ៖គឹមហុក
