បណ្ដាគណបក្សនយោបាយ ជឿជាក់ថា សម្តេចតេជោនឹងធ្វើឱ្យស្ថាប័នព្រឹទ្ធសភាកាន់តែសកម្ម និងជំរុញឱ្យការអនុវត្តច្បាប់ទាំងឡាយ បន្តធានាបានផលប្រយោជន៍ដល់ជាតិ និងប្រជាជន។

ថ្លែងប្រាប់ BTV បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ក្លាយជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានគណបក្សនយោបាយមួយចំនួនក្នុងចំណោមគណបក្សនយោបាយជាច្រើន ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសម្តែងការគាំទ្រចំពោះការបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ របស់សម្តេចតេជោ ហ៊ុន សែន ដែលតួនាទីនេះពិតជាស្របទៅតាមបទពិសោធនការងារក្នុងឋានៈសម្តេចតេជោ ជាអតីតនាយករដ្ឋមន្រ្តី ដឹកនាំមាគ៌ាកម្ពុជាប្រកបដោយឆន្ទៈ។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា ការប្រកាសគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភារបស់លោក ដោយសារសម្ដេចបានកសាងកម្ពុជា ធានាបានសុខសន្តិភាព និងស្ថិរភាពប្រទេសរហូតមានការរីកចម្រើនជាលំដាប់ដល់បច្ចុប្បន្ន។
ចំណែកលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា យោងតាមសមិទ្ធផលដែលសម្តេចតេជោ ហ៊ុន សែន បានកសាងជូនជាតិ ដែលនឹងធ្វើឱ្យការគ្រប់គ្រងស្ថាប័នព្រឹទ្ធសភាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងដែរថា ក្នុងតួនាទីរបស់ប្រធានព្រឹទ្ធសភាថ្មីរបស់សម្ដេចតេជោ នឹងកាន់តែមានសម្ទុះយ៉ាងសកម្មនៅស្ថាប័នព្រឹទ្ធសភា ពីព្រោះសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសមានបទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល និងច្បាប់ជាច្រើនសម្រាប់សង្គមជាតិ និងប្រជាជន។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ទទួលស្គាល់ជាមគ្គុទេសឯក និងស្ថាបនិកបិតាសន្តិភាព ដែលបានលះបង់ និងពលីរំដោះប្រទេសជាតិពីប្រទេសញាំញីដោយសង្គ្រាមរាំរ៉ៃមកជាប្រទេសមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី១ ដល់នីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម និងផ្តល់អនុសាសន៍រៀបចំតាក់តែងច្បាប់ជាច្រើនដែលតម្កល់ និងធានាដល់ស្ថិរភាពជាតិ និងសេដ្ឋកិច្ចជាតិ រួមទាំងប្រជាពលរដ្ឋឱ្យប្រសើរឡើងជាបន្តបន្ទាប់៕ អត្ថបទ សេក ឧត្តម