អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (០៣ មេសា) បានសន្យាថានឹងជួយប្រទេសហ្ស៊ីមបាបវ៉េ ក្នុងការប្រមូលធនធានដើម្បីដោះស្រាយវិបត្តិគ្រោះរាំងស្ងួតដែលបណ្តាលមកពីគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក អ៊ែមមើសុន ម៉ានហ្កាវ៉ា (Emmerson Mnangagwa) អំពីស្ថានភាពនៃគ្រោះមហន្តរាយនៅថ្ងៃមុននោះ ដោយសារគ្រោះរាំងស្ងួត ដែលបានកាត់បន្ថយទិន្នផលធញ្ញជាតិយ៉ាងច្រើន និងប៉ះពាល់ដល់ធនធានសន្តិសុខស្បៀងដ៏សំខាន់សម្រាប់សហគមន៍ជនបទ។

ជាផ្នែកនៃសកម្មភាពដែលរំពឹងទុក និងការឆ្លើយតបដំបូងរបស់ខ្លួន អង្គការសហប្រជាជាតិបានបែងចែកប្រាក់ចំនួន ៥ លានដុល្លារដល់ហ្ស៊ីមបាបវ៉េ ពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយផ្តោតលើវិស័យដូចជាទឹក អនាម័យ និងភាពស្អាត សុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ដោយលើកឡើងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃគ្រោះរាំងស្ងួតនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ និងតំបន់អាហ្វ្រិកខាងត្បូង លោក អ៊ែដវើត ខាលលុន (Edward Kallon) អ្នកសម្របសម្រួលផ្នែកប្រជាជន និងមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា នៅប្រទេសហ្ស៊ីមបាវ៉េ វិបត្តិមានផលវិបាកយ៉ាងធំធេងនៅទូទាំងវិស័យផ្សេងៗនៃសេដ្ឋកិច្ច។ ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកមួយនេះនិយាយថា ហ្ស៊ីមបាបវ៉េ ត្រូវការប្រាក់ជាង ២ ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត៕