ភ្នំពេញ ៖ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសប្បុរសជនអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌លើកទី១១ និងរៀបចំអាហារថ្ងៃត្រង់មួយពេលជូន កុមារ-សិស្សា នុសិស្ស និងបុគ្គលិក នៃអង្គការលើកស្ទួយប្រជាពលដ្ឋ សរុបចំនួន ១២២០នាក់ ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកអាណិត ស្រឡាញ់ ចំពោះក្មួយៗ ចៅៗកុមារ សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ ពិសេសថ្លែងនូវការកោតសរសើរចំពោះស្ថាបនិក គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេស របស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយចិត្ត ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញ ក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម ជាពិសេសទទួលបានជោគជ័យក្នុងជីវិត និងមានការងារធ្វើសមរម្យ។
លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូសិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមដល់កុមារទាំង អស់ ឱ្យខិតខំតស៊ូក្នុងជីវិត ជម្នះរាល់ការលំបាក ដើម្បីប្រែក្លាយជីវភាពគ្រួសារឱ្យមានការរីកចម្រើន។ លោកស្រីបានថ្លែងអំណរគុណ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់អង្គការនាពេលកន្លងមក និងបន្តអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកា ឬសម្ភារផ្សេងៗ ទៅតាមលទ្ធភាពដល់អង្គការ ក៏ដូចជាបានជួយដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ជាពិសេសកុមារដែលគ្មានទីពឹងនៅទីនេះ ដែលកំពុងជួបនូវការលំបាក ដើម្បីបានបន្តការសិក្សារៀនសូត្រ និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិនៅថ្ងៃខាងមុខ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន អង្គការលើកស្ទួយប្រជាពលរដ្ឋ រួមមាន៖ អង្ករ៣តោន, មី២០កេស, ត្រីខ៥កេស, ទឹកត្រី១០យួ, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, ផ្លែក្រូច៥កេស, អាលកុល៣០ពីដុង, និងថវិកា១០លានរៀល (ដប់លានរៀល) រួមជាមួយអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសារមួយពេល៕
អត្ថបទ ៖ សំ ងីម



















