E-Sport៖ ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុន Moonton នឹងរៀបចំការប្រកួតវិញ្ញាសា Mobile Legends: Bang Bang លក្ខណៈលីគអាជីព Professional League Cambodia 2021 លើកដំបូងនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាខែសីហាខាងមុខ។
ព្រឹត្តិការណ៍នេះរៀបចំឡើងឆ្លើយតបទៅនឹងការគាំទ្រ និងភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកកម្ពុជាបច្ចុប្បន្ន។ ដូច្នេះក្រុមហ៊ុន Moonton បានស្វែងរកការគាំទ្រពីសហព័ន្ធ ដើម្បីរៀបចំការប្រកួតលីគអាជីពដ៏ធំនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជាបានចូលរួមប្រកួតផ្ទាល់លើទឹកដីរបស់ខ្លួន ផ្ទុយពីសព្វដងដែលព្រឹត្ដិការណ៍នេះតែងតែរៀបចំនៅក្រៅប្រទេសកម្ពុជា។ តាមរយៈការប្រកួតវិញ្ញាសា Mobile Legends: Bang Bang លក្ខណៈលីគអាជីពលើកដំបូងនេះដែរ ក្រុមហ៊ុនក៏ដូចជាសហព័ន្ធរំពឹងយ៉ាងមុតមាំថា នឹងជំរុញឲ្យទំនាក់ទំនងកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន និងស្មើមុខមាត់លើឆាកអន្ដរជាតិ ពិសេសដើម្បីសម្រិតសម្រាំងរកក្រុមខ្លាំង និងកីឡាករ-កីឡាការិនីឆ្នើមៗសម្រាប់តំណាងប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗ ក៏ដូចជាការប្រកួតកម្រិតពិភពលោកផងដែរ។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ជើងឯកលីគ Professional League Cambodia 2021 បានឲ្យដឹងថា ការប្រកួតនេះនឹងប្រព្រឹត្តទៅ ៣ដំណាក់កាល ទី១-ការប្រកួតជម្រុះដែលនឹងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែសីហា។ បន្ទាប់ពីរកបានក្រុមគ្រប់តាមតម្រូវការហើយ នឹងបន្ដប្រកួតវគ្គសន្សំពិន្ទុទៀងទាត់ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា និងប្រកួតវគ្គខ្វែងស្វែងរកបេក្ខភាពវគ្គផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ៖ លី ឈុនឡា