
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយគួរតែកើតឡើងតាមរយៈការចរចាដោយផ្ទាល់រវាងភាគីពាក់ព័ទ្ធ និងមិនមែនទៅដាក់សំណើនៅអង្គការសហប្រជាជាតិនោះទេ។
អាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បានស្នើសុំឱ្យមានការពិចារណាជាថ្មីអំពីពាក្យសុំកាលឆ្នាំ ២០១១ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្នដែនដីនេះមានការទទួលស្គាល់រដ្ឋអធិបតេយ្យប៉ាឡេស្ទីនតាមជាក់ស្ដែង បន្ទាប់ពីអង្គការសហប្រជាជាតិបានផ្តល់ឋានៈជារដ្ឋអ្នកសង្កេតការណ៍មិនមែនជាសមាជិកក្នុងឆ្នាំ ២០១២។
ពាក្យស្នើសុំដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ចាំបាច់ត្រូវអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ រូប ដែលសហរដ្ឋអាមេរិកអាចបោះឆ្នោតវេតូ ហើយបន្ទាប់មកត្រូវទទួលបានការគាំទ្រយ៉ាងហោចណាស់ ២ភាគ៣ នៃមហាសន្និបាតដែលមានសមាជិក ១៩៣ រូប។
ការជំរុញរបស់ប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិនេះ កើតឡើងនៅពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា ជិតដល់ដំណាក់កាលប្រាំមួយខែ ហើយអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅនៅតំបន់កាន់កាប់ វេសបែង (West Bank)៕