
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសកូឡុំប៊ីនិងប៉ាណាម៉ា កំពុងបរាជ័យក្នុងការការពារជនអន្តោប្រវេសន៍រាប់សែននាក់ ដែលឆ្លងកាត់ព្រៃ Darien ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយកាន់តែងាយរងគ្រោះពីការប្លន់ និងអំពើហិង្សាផ្លូវភេទ។
អង្គការឃ្លាំមើលនេះ បានអំពាវនាវឲ្យប្រទេសទាំងពីរតែងតាំងមន្ត្រីជាន់ខ្ពស់ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ ដែលកំពុងកើតឡើង នៅតំបន់Darien ហើយបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិ បាលរបស់ពួកគេ ធ្វើការរួមគ្នា ដើម្បីកែលម្អសន្តិសុខ និងធានាឲ្យមានជំនួយបន្ថែមទៀតពីក្រុមអន្តរជាតិ។
លោកស្រី Juanita Goebertus ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅមុនបោះពុម្ពរផ្សាយរបាយការណ៍ថា៖«មិនថាហេតុផលអ្វីសម្រាប់ការធ្វើដំណើររបស់ពួកគេ ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោនឆ្លងកាត់តំបន់ Darien Gap មានសិទ្ធិទទួលបានសុវត្ថិភាពជាមូលដ្ឋាន និងការគោរពសិទ្ធិមនុស្សរបស់ពួកគេ»។
លោកស្រី Goebertus ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា ពិចារណាឡើងវិញនូវការសម្រេចចិត្តនាពេលថ្មីៗនេះ ដើម្បីព្យួរកម្មវិធីសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រ ក្រុមគ្រូពេទ្យគ្មានព្រំដែន ដែលត្រូវបានគេស្គាល់ថា MSFពីប្រតិបត្តិការ នៅក្នុងទឹកដីរបស់ខ្លួន។
លោកស្រី Goebertus បាននិយាយថា៖«ការដាក់កម្រិតលើការងាររបស់ MSF គឺផ្ទុយពីអ្វីដែលត្រូវការ ដើម្បីដោះស្រាយស្ថានភាព នៅក្នុងតំបនDarien Gapនេះ»។