
រដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benny Gantz ដែលជាសមាជិកនៃគណៈរដ្ឋមន្ត្រីសម័យសង្រ្គាម និងជាគូប្រជែងឈានមុខគេរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានអំពាវនាវ កាលថ្ងៃពុធ (ទី៣ ខែមេសា) ឲ្យមានការបោះឆ្នោតសភាមុនកាលកំណត់ នៅខែកញ្ញា។
លោក Netanyahu ត្រូវប្រឈមនឹងសម្ពាធពីភាគីជាច្រើន ក្នុងនោះរួមទាំងការតវ៉ាទាមទារឲ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឲ្យបាននូវការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួន អំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស ដែលការវាយប្រហារនោះបានបង្កឲ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា។
ក្នុងនាមជាសមាជិកសភាម្នាក់ដែរនោះ តាមរយៈសុន្ទរកថាពីការិយាល័យរបស់លោក នៅឯសភាអ៊ីស្រាអែល Knesset លោក Gantz បាននិយាយថា៖ «យើងត្រូវកំណត់កាលបរិច្ឆេទព្រមព្រៀងគ្នា សម្រាប់ខែកញ្ញា ឬប្រសិនបើគ្រប់គ្នាចង់បាននៅថ្ងៃខួបដំបូងនៃសង្រ្គាមនេះ»។
គណបក្ស Likud របស់លោក Netanyahu បានច្រានចោលការអំពាវនាវនេះ ប៉ុន្តែការអំពាវនាវនោះត្រូវបានស្វាគមន៍ដោយមេដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលកាលពីខែមីនា បានជំរុញឲ្យមានការបោះឆ្នោតថ្មី ពេលធ្វើការរិះគន់ខ្លាំងៗ ចំពោះការដោះស្រាយសង្រ្គាមរបស់លោក Netanyahu។
គួរបញ្ជាក់ថា ការបោះឆ្នោតមុនកាលកំណត់តម្រូវឲ្យមានការយល់ព្រមពីមន្ត្រីជាប់ឆ្នោតចំនួន ៦១រូប ឬសមាជិកសភាភាគច្រើននៅក្នុងសភា Knesset ដែលគណបក្ស Likud មានអាសនៈច្រើនជាងគេ តែគ្មានសំឡេងភាគច្រើនដាច់ខាត។ គណបក្ស Likud របស់លោក Netanyahu បានលើកឡើងថា ការបោះឆ្នោតក្នុងពេលអ៊ីស្រាអែលកំពុងមានសង្រ្គាម «នឹងនាំទៅរកភាពជាប់គាំងដោយចៀសមិនរួច» និងបង្កគ្រោះថ្នាក់ដល់ការប្រយុទ្ធរបស់យោធា នៅតំបន់ហ្កាហ្សា។
ក្នុងករណីប្រសិនបើមានការបោះឆ្នោតមុនកាលកំណត់ យោងតាមការស្ទង់មតិចុងក្រោយបង្អស់ បានបង្ហាញឲ្យឃើញថា លោក Gantz នឹងនាំមុខទាំងស្រុងលើលោក Netanyahu ដែលប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី៧ ខែតុលា៕