
មិត្តដ៏ស្មោះត្រង់របស់កោះតៃវ៉ាន់នឹងចូលកាន់តំណែងជាមន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិក នៅទីក្រុងតៃប៉ិ នារដូវក្តៅនេះ ពោលគឺប្រហែលជាស្របពេលជាមួយនឹងមេដឹកនាំថ្មីរបស់កោះនេះចូលកាន់តំណែង ក្នុងពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន។ នេះបើតាមប្រភពចំនួន៣ ដែលបានផ្ដល់ព័ត៌មានខ្លីៗអំពីបញ្ហានេះ។
គួរបញ្ជាក់ថា មិនខុសពីប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត ដែលទង្វើនេះធ្វើឲ្យទីក្រុងប៉េកាំងមិនពេញចិត្ត។
ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនេះថា ជាទឹកដីរបស់ខ្លួនដែលនឹងត្រូវបង្រួបបង្រួមគ្នាឡើងវិញ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើសមយុទ្ធយោធាជាទៀងទាត់ ជុំវិញកោះនេះ ខណៈដែលខ្លួនព្យាយាមអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន និងដាក់សម្ពាធលើទីក្រុងតៃប៉ិ។ តែកោះតៃវ៉ាន់បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។
ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យទម្លាយបញ្ហានេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Raymond Greene ដែលបច្ចុប្បន្នជាអនុប្រធានបេសកកម្មនៅស្ថានទូតអាមេរិក ប្រចាំទីក្រុងតូក្យូ នឹងទៅជំនួសតួនាទីរបស់លោកស្រី Sandra Oudkirk ជានាយកវិទ្យាស្ថានអាមេរិក នៅកោះតៃវ៉ាន់ ឬ AIT។
AIT ទទួលបន្ទុកដោះស្រាយទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ក្នុងករណីមិនមានទំនាក់ទំនងផ្លូវការ។ អ្នកការទូតអាជីព លោក Greene ដែលជាអនុប្រធាន AIT មុនពេលទៅប្រទេសជប៉ុននោះ នឹងក្លាយជាឯកអគ្គរដ្ឋទូតតាមព្រឹត្តន័យសហរដ្ឋអាមេរិក ប្រចាំទីក្រុងតៃប៉ិ។
ប្រភពមួយបានប្រាប់ឲ្យដឹងថា «លោក Greene ត្រូវបានគេមើលឃើញថា ជាមិត្តដ៏ស្មោះត្រង់របស់កោះតៃវ៉ាន់ ហើយស្គាល់កោះតៃវ៉ាន់យ៉ាងច្បាស់លាស់»។ ពាក់ព័ន្ធនឹងការតែងតាំងនេះ AIT បានបង្វែរសំណួរនេះទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ៕