
ក្រុមមន្រ្តីនិយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ី មកលើកន្លែងរស់នៅរបស់អ្នកស្រុកនៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ ។
វីដេអូនៃការវាយប្រហារចេញដោយក្រុមអាជ្ញាធរឃើញ ការខូចខាតអគារជាច្រើនខ្នង រថយន្តជាច្រើនគ្រឿង និងបំណែកកម្ទេចកម្ទីជាច្រើនទៀត ស្របពេលដែលក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបោសសម្អាតនៅកន្លែងកើតហេតុ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយទីតាំង ឬកាលបរិច្ឆេតនៃការថតវីដេអូឃ្លីបនេះ ។
អភិបាលក្រុង Kharkiv និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មនុស្ស ៤នាក់ បានស្លាប់នៅកន្លែងហេតុ ពេលរងការវាយប្រហារ ។
លោកបន្តថា យ៉ាងហោចមនុស្ស ៣នាក់ក្នុងចំណោមពួកគេ គឺជាអ្នកបើកបររថយន្តសង្រ្គោះបន្ទាន់ ដែលត្រូវបានសម្លាប់ក្រោយពួកគេធ្វើដំណើរទៅដល់កន្លែងកើតហេតុ ហើយការវាយប្រហារថ្មីក៏បានកើតឡើងទៀត ។
លោកបញ្ជាក់ថា មាននូវការវាយប្រហារដោយយានដ្រូនចំនួន ៥គ្រឿង ។ យានដ្រូនមួយគ្រឿង បង្កឲ្យកើតមានអគ្គិភ័យ ធ្វើឲ្យផ្នែកមួយនៃអគារបានបាក់ស្រុត ហើយរថយន្តយ៉ាងហោច ៣គ្រឿង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ៕