
សេវាកម្មរបស់ក្រុមហ៊ុន Apple ជាច្រើន ក្នុងនោះរួមទាំង App Store, Apple TV+ និង Apple Music កាលពីថ្ងៃពុធ (ទី៣ ខែមេសា) មិនអាចចូលទៅប្រើប្រាស់បាននោះឡើយ សម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមគេហទំព័រតាមដានស្ថានភាពរបស់ក្រុមហ៊ុន។
អ្នកប្រើប្រាស់កម្មវិធី App Store ប្រហែល ៦.៤០០នាក់ បានរាយការណ៍ពីបញ្ហាដាច់កម្មវិធីនេះ ដែលជាកម្រិតដ៏ច្រើនបំផុត។ នេះបើយោងតាមគេហទំព័រ Downdetector ដែលតាមដានការរអាក់រអួល ដោយការចងក្រងរបាយការណ៍ស្ថានភាពពីប្រភពជាច្រើន ក្នុងនោះរួមទាំងអ្នកប្រើប្រាស់ផងដែរ។
គេហទំព័រ Downdetector ក៏បានបង្ហាញផងដែរពីរបាយការណ៍នៃបញ្ហារបស់អ្នកប្រើប្រាស់ជាង ១.០០០ករណី ទាំងសម្រាប់សេវាកម្ម Apple TV+ និង Apple Music។ ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters៕