
ពលរដ្ឋរស់នៅតំបន់សហគមន៍ស្ងួតហួតហែងនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសម៉ិកស៊ិក បានព្យាយាមពន្លត់អណ្តាតភ្លើង ពេលដែលភ្លើងឆេះព្រៃរាប់សិបកន្លែង បានកើតមានឡើង គាប់ជួននឹងគ្រោះរាំងស្ងួតនៅទូទាំងប្រទេស ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភ្លើងឆេះព្រៃ ៤កន្លែងបានឆាបឆេះរដ្ឋភាគកណ្តាល Naucalpan របស់ម៉ិកស៊ិក ។ ក្នុងរដ្ឋ Naucalpan ប្រជាពលរដ្ឋបានព្យាយាមអស់រយៈពេលជាច្រើនម៉ោង ដើម្បីពន្លត់ភ្លើងឆេះព្រៃ ដែលផ្តើមឆេះដំបូងនៅចម្ការពោត ។
ដោយឡែក នៅរដ្ឋភាគខាងត្បូង Oaxaca កម្មករការពារជនស៊ីវិលម្នាក់នៅភូមិ Etla ជិតរដ្ឋធានីនៃត្បូង Oaxaca និយាយថា កង្វះខាតបុគ្គលិក និងសម្ភារៈ បានរារាំងដល់ការងាររបស់ពួកគេ ក្នុងការពន្លត់អណ្តាតភ្លើង ខណៈភ្លើងឆេះព្រៃជាច្រើនកន្លែងផ្សេងទៀត បានកើតមាននៅតំបន់ជួរភ្នំដាច់ស្រយាល និងព្រៃស្តុក ។
យោងតាមការអះអាងរបស់គណៈកម្មាធិការជាតិព្រៃឈើម៉ិកស៊ិក បានឲ្យដឹងថា បច្ចុប្បន្នមាននូវព្រៃឈើកំពុងឆាបឆេះចំនួន ៧១កន្លែង ៕