
នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani បានមានបន្ទូលកាលពីថ្ងៃពុធនៅទីក្រុង Doha ថា រាល់ការវាយលុកណាមួយរបស់អ៊ីស្រាអែលនៅទីក្រុង Rafah របស់តំបន់ហ្កាហ្សា នឹងនាំឲ្យមានវដ្តឥតឈប់ឈរនៃអំពើហិង្សា ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេស្ប៉ាញលោក Pedro Sanchez ព្រះអង្គម្ចាស់ Sheikh Mohammed មានបន្ទូលថា អ្នករាល់រាល់គ្នាចង់ចៀសផុតពីការកើនឡើងអំពើហិង្សានៅក្នុងតំបន់ ។
គួរឲ្យដឹងថា អ៊ីស្រាអែល និយាយថា អង្គភាពប្រដាប់អាវុធសំខាន់របស់ក្រុមហាម៉ាស់ និងក្រុមមេបញ្ជាការរបស់ពួកគេ កំពុងជ្រកកោននៅក្នុងទីក្រុងភាគខាងត្បូងតំបន់ហ្កាហ្សាមួយនេះ ហើយការវាយប្រហារតាមជើងគោក ត្រូវការជាចាំបាច់ ដើម្បីកម្ចាត់ពួកគេ ។
ដោយពាក់កណ្តាលជនប៉ាឡេស្ទីនរស់នៅតំបន់ហ្កាហ្សាបច្ចុប្បន្នកំពុងកកកុញក្នុងទីក្រុង Rafah នោះ ក្រុមអ្នកស្រុកនាំគ្នានិយាយថា គ្មានកន្លែងសេសសល់សម្រាប់ឲ្យពួកគេត្រូវរត់ភៀសខ្លួនបានទៀតឡើយ ។
ដោយឡែក ទីក្រុងវ៉ាស៊ីងតោន ចាត់ទុកការវាយប្រហារគ្រោងទុកនេះថាជាកំហុសមួយ ហើយពួកគេនិយាយថា អ៊ីស្រាអែល អាចមានគោលដៅលើក្រុមជីវពលជាមួយតាក់ទិកដែលបណ្តាលឲ្យមានផលប៉ះពាល់តិចតួចដល់ជនស៊ីវិល ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និយាយថា ការវាយប្រហារទីក្រុង Rafah នឹងបណ្តាលឲ្យកើតមានគ្រោះមហន្តរាយមនុស្សធម៌ ៕