អូឡាំពិក៖ ប្រតិភូ និងអត្តពលិកអូឡាំពិកគ្រប់បណ្ដាប្រទេស ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហោច ៥ដំណាក់កាល មុនចាកចេញពីអាកាសយានដ្ឋានទៅភូមិកីឡា ដើម្បីត្រៀមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី២៣ ខែកក្កដាស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន ក្រោយដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជាទៅដល់ទីក្រុងតូក្យូកាលពីយប់ថ្ងៃអង្គារកន្លងទៅ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មកម្ពុជារូបនេះ បានបញ្ជាក់ថា ម្ចាស់ផ្ទះជប៉ុនបានអនុវត្តនូវវិធានការដ៏តឹងរ៉ឹង ដើម្បីសុវត្ថិភាពប្រតិភូ អត្តពលិក និងការពារជំងឺកូវីដ-១៩ រាប់ទាំងពីការមុនធ្វើដំណើរចេញពីយន្ដហោះ រហូតឡើងរថយន្ដឆ្ពោះទៅភូមិកីឡា និងការទទួលទានអាហារជាដើម ត្រូវបានតម្រូវឲ្យគោរពគោលការណ៍សុវត្ថិភាពជានិច្ច ដែលអាចនិយាយបានថា ធ្វើឲ្យអត្តពលិកទុកចិត្តបាន។ សូមបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជាបានចាកចេញពីមាតុភូមិ កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ ដែលដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន។ ចំពោះកីឡាករ-កីឡាការិនីមាន ៣រូបដែលទទួលបានសិទ្ធអនុគ្រោះចូលរួមព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ រួមមានកីឡាហែលទឹក ២រូបគឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រ និងកីឡាអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។
តាមគម្រោងក្រោយចូលរួមពិធីបើកការប្រកួតនៅថ្ងៃទី២៣ ខែកក្កដាស្អែក អត្តពលិកកម្ពុជា ត្រូវរង់ចាំកម្មវិធីប្រកួតរបស់ខ្លួនរហូតដល់ថ្ងៃទី៨ ខែសីហា ហើយក្រោយចប់ការប្រកួតភ្លាមៗ ប្រតិភូ និងអត្តពលិកកម្ពុជានឹងធ្វើដំណើរមកមាតុភូមិវិញ ដោយមិនរង់ចាំនៅពិធីបិទដែលគ្រោងធ្វើឡើងនាថ្ងៃទី០៨ ខែសីហានោះទេ៕
អត្ថបទ៖ លី ឈុនឡា