ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន ធំបំផុតនោះ គឺសេវាសាធារណៈមួយដែលមានភាពរឹងមាំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រ ជាពលរដ្ឋគ្រប់រូប ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឲ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ហើយបំពេញការងារនៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃ នៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការនៃការវិវត្តន៍ ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេសជាដើម។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា កិច្ចការខាងលើនេះ គឺក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់បំផុតក្នុងការគាំទ្រដល់ការងារបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ជាពិសេសនោះគឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពបំផុតរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧នេះតែម្តង៕
អត្ថបទ៖ បាន ចក់







