
អង្គការលើកលែងទោសអន្តរជាតិ កំពុងអំពាវនាវឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋដូមីនីក បញ្ចប់គោលនយោបាយអន្តោប្រវេសន៍ចំពោះជនជាតិហៃទី ដែលទីភ្នាក់ងារនេះ និយាយថា រួមមានការបណ្តេញចេញដោយរើសអើង និងការរើសអើងពូជសាសន៍នៃជនជាតិដូមីនិកស្បែកខ្មៅដើមកំណើតហៃទី។
នៅក្នុងលិខិតចំហមួយផ្ញើជូនប្រធានាធិបតីដូមីនីក លោក Luis Abinader អង្គការសិទ្ធិមនុស្ស បាននិយាយថា ខ្លួនបានចងក្រងឯកសារករណីដែលសិទ្ធិរបស់ជនជាតិហៃទី និងជនជាតិដូមីនិកស្បែកខ្មៅកំពុងត្រូវបានរំលោភបំពាន។
អង្គការសិទ្ធិមនុស្សនេះ បាននិយាយថា៖«ព័ត៌មានដែលទទួលបានដោយអង្គការលើកលែងទោសអន្តរជាតិ និងអង្គការសង្គមស៊ីវិល នៅសាធារណរដ្ឋដូមីនីក បង្ហាញពីការរំលោភសិទ្ធិមនុស្សដ៏គួរឱ្យព្រួយបារម្ភដែលប្រព្រឹត្តឡើងតាមរយៈវិធានការនៃការរាប់បញ្ចូលជាតិសាសន៍នៃប្រជាជនហៃទី និងដូមីនីក ដែលមានដើមកំណើតហៃទី ដោយភ្នាក់ងារអន្តោប្រវេសន៍ នគរបាល និងសមាជិកនៃកងកម្លាំងសន្តិសុខ កងកម្លាំងប្រដាប់អាវុធដែលជួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងប្រតិបត្តិការអន្តោប្រវេសន៍»។
ចាប់តាំងពីដើមឆ្នាំមក សាធារណរដ្ឋដូមីនីក ដែលចែករំលែកកោះ Hispaniola ជាមួយប្រទេសហៃទី បានបណ្តេញជនជាតិហៃទីជាង ៣០.000នាក់ ទៅកាន់ប្រទេសហៃទី នេះបើយោងតាមទិន្នន័យពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ ដែលតាមដានធ្វើការនិរទេសទាំងនេះ។ ក្នុងចំណោមអ្នកដែលត្រឡប់ទៅប្រទេសហៃទីវិញ មានជនជាតិហៃទី ១២.៥៩៨នាក់ ដែលត្រូវបានបណ្តេញចេញ ពីសាធារណរដ្ឋដូមីនីក ក្នុងខែមីនា។