
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ឥណ្ឌូនេស៊ី បានឲ្យដឹងថា ក្រុមហ៊ុន Nvidia និងក្រុមហ៊ុនទូរគមនាគមន៍ PT Indosat Ooredoo Hutchison របស់ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងសាងសង់មជ្ឈមណ្ឌលស៊ើបការណ៍បញ្ញាសិប្បនិម្មិត (AI) នៅខេត្ត Central Java (ជ្វាកណ្ដាល) ក្នុងឆ្នាំ២០២៤ ដែលមានតម្លៃ ២០០លានដុល្លារ។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Budi Arie Setiadi បាននិយាយថា មជ្ឈមណ្ឌល AI អាចមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឬមជ្ឈមណ្ឌលធនធានមនុស្ស ហើយនឹងមានទីតាំងនៅទីក្រុង Surakarta ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Indosat បានផ្តល់ព័ត៌មានពីផែនការវិនិយោគដល់អភិបាលក្រុង Surakarta លោក Gibran Rakabuming Raka ដែលមានតួនាទីផងដែរជាអនុប្រធានាធិបតីជ្រើសរើសរបស់ឥណ្ឌូនេស៊ី និងជាកូនប្រុសរបស់ប្រធានាធិបតីជិតផុតអាណត្តិ គឺលោក Joko Widodo។
លោកនាយកប្រតិបត្តិបាននិយាយថា៖ «ហេតុអ្វីបានជានៅទីក្រុង Surakarta? ដោយសារតែទីក្រុងនេះត្រៀមខ្លួនរួចជាស្រេច មានធនធានមនុស្សល្អៗ និងហេដ្ឋារចនាសម្ព័ន្ធ 5G»។
ទាំងក្រុមហ៊ុន Indosat និង Nvidia មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕