
នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនក្នុងទីក្រុង Rafah បានកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
ក្រសួងសុខាភិបាលហ្កាហ្សា រាយការណ៍ថា មនុស្ស ៩នាក់ រួមទាំងកុមារដែរនោះ បានបាត់បង់ជីវិតរបស់ពួកគេកាលពីយប់កន្លងទៅ ពេលដែលផ្ទះ ២ខ្នង រងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ។
លោក Hisham Kallab គឺជាសាច់ញាតិរបស់អ្នកស្លាប់ និយាយថា រាល់ថ្ងៃនេះ កុមារកាន់តែច្រើន និងស្រ្តីកាន់តែច្រើន ត្រូវបានសម្លាប់ ។
លោកបន្តថា តើនេះគឺជាបទឧក្រិដ្ឋអ្វី ហើយឯណាទៅយុត្តិធម៌នោះ? ល្មមបានហើយ សូមបញ្ចប់ភាពអយុត្តិធម៌មួយនេះទៅ ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះថា ជនប៉ាឡេស្ទីនជាង ៣៣.០៣៧នាក់ ត្រូវបានសម្លាប់ ហើយមនុស្សជាង ៧៥.៦៦៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕