ភ្នំពេញ ៖ ជាកាដូឆ្នាំថ្មីសម្រាប់មន្រ្ដីរាជការ ជាប្រធានមន្ទីរ នៃរដ្ឋបាលរាជធានី ខេត្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្តទាំងអស់មានតំណែងស្មើប្រធាននាយករដ្ឋាន ខណៈកាលពីមុនស្មើត្រឹមអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី ខេត្តបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹ ព្រេមៀ សែនសុខ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ទាក់ទងទៅនឹងការងារធ្វើកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការ គឺរាជរដ្ឋាភិបាលបានប្រគល់សិទ្ធិឱ្យរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង ថ្នាក់ក្រោមជាតិ ដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋ។ សម្ដេចបញ្ជាក់ថា តួអង្គគន្លឹះក្នុងការផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋ គឺមន្ទីរជំនាញនៅមូលដ្ឋានផ្ទាល់ដែលមានសិទ្ធិ និងធនធានគ្រប់គ្រាន់ ដូច្នេះមុខងារ និងការទទួលខុសត្រូវរបស់មន្ទីរជំនាញក៏កាន់តែកើនផងដែរ ហើយដើម្បីលើកទឹកចិត្តប្រធានមន្ទីរសម្ដេចធិបតីបានសម្រេចដំឡើងកម្រិតស្នើប្រធាននាយករដ្ឋានតែម្ដង។
សូមជម្រាបថា ការដំឡើងកម្រិតតំណែងដល់ប្រធានន្ទីរជំនាញនៅតាមបណ្ដារាជធានី-ខេត្ត សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា គឺជាការលើកទឹកចិត្ត ក៏ដូចជាកាដូឆ្នាំថ្មីឱ្យស័ក្តិសមទៅនឹងតួនាទី និងការខិតខំរបស់មន្រ្ដីជំនាញនៅថ្នាក់ក្រោមជាតិ ក្រោយពេលរាជរដ្ឋាភិបាលបានប្រតិភូអំណាច ប្រគល់ការងារទៅដល់មន្ទីរជំនាញនានានៅថ្នាក់ក្រោមជាតិកាន់តែច្រើនជាងមុន៕
អត្ថបទ៖ វ៉ន ដារ៉ា





