
វិមានក្រឹមឡាំង និយាយថា រុស្ស៊ី និងអង្គការណាតូបច្ចុប្បន្ន ស្ថិតក្នុងការប្រឈមដោយផ្ទាល់ ស្របពេលដែលសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បា្ររព្ធខួបលើកទី ៧៥របស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាការពិតណាស់ថា ទំនាក់ទំនងបច្ចុប្បន្នបានធ្លាក់ដល់កម្រិតប្រឈមដោយផ្ទាល់ ។
លោកថា អង្គការណាតូ បានជាប់ពាក់ព័ន្ធរួចទៅហើយនៅក្នុងជម្លោះអ៊ុយក្រែន ហើយនៅតែបន្តរំកិលងាកមករកព្រំដែនរបស់ពួកយើង ក៏ដូចជាពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេ មកកាន់ព្រំដែនរបស់ពួកយើង ។
ដោយឡែក លោក Alexander Grushko គឺជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៊ី-អង្គការណាតូ មានសភាពកាន់តែអាក្រក់ទៅៗ ប៉ុន្តែទីក្រុងម៉ូស្គូមិនមានបំណងចូលទៅក្នុងជម្លោះជាមួយប្រទេសរបស់អង្គការណាតូនោះឡើយ ។
គួរឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមប្រតិបត្តិការសឹកពិសេស របស់លោក ក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដោយលោកបានបញ្ជាក់ពីគោលបំណង ក្នុងការរារាំងអង្គការណាតូមិនឲ្យពង្រីកទីតាំងរបស់ខ្លួនទៅជិតប្រទេសរុស្ស៊ី ៕