
នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា) នេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយថា ទំនាក់ទំនងរុស្ស៊ី-អង្គការណាតូ (NATO) មានសភាពកាន់តែអាក្រក់ទៅៗ ប៉ុន្តែទីក្រុងមូស្គូមិនមានបំណងចូលទៅក្នុងជម្លោះជាមួយប្រទេសរបស់អង្គការណាតូនោះឡើយ។
នៅក្នុងការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការប្រារព្ធខួបលើកទី៧៥ របស់អង្គការណាតូ លោក Grushko បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ថា ទំនាក់ទំងមានសភាពកាន់តែយ៉ាប់យ៉ឺនទៅៗ «ដែលមិនអាចទាយទុកបាន និងដោយចេតនា» ហើយការសន្ទនាគ្រប់ផ្លូវ រវាងទីក្រុងមូស្គូ និងសម្ព័ន្ធភាពនេះ ត្រូវបាននាំឲ្យដល់កម្រិត «សូន្យប្រកបដោយគ្រោះថ្នាក់» ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល។
លោក Grushko បាននិយាយថា៖ «តើប្លុកយោធានេះត្រៀមខ្លួនរួចជាស្រេច ដើម្បីមានជម្លោះដោយបើកចំហជាមួយរុស្ស៊ីហើយមែនទេ? អ្នកត្រូវសួរសមាជិកណាតូដោយខ្លួនឯង។ ក្នុងករណីណាក៏ដោយ យើងមិនមានគោលបំណងបែបនេះ ពាក់ព័ន្ធនឹងបណ្ដាប្រទេសសមាជិករបស់សម្ព័ន្ធភាពនេះឡើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» របស់លោក ក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដោយអះអាងបញ្ជាក់ពីគោលបំណង ក្នុងការរារាំងអង្គការណាតូមិនឲ្យពង្រីកទីតាំងរបស់ខ្លួន នៅជិតប្រទេសរុស្ស៊ី។ ប៉ុន្តែសង្រ្គាមបែរជាជួយជំរុញឲ្យសម្ព័ន្ធភាពពង្រីកសមាជិកដល់ទៅ ៣២ប្រទេស ដោយការទទួលយកប្រទេសហ្វាំងឡង់ និងស៊ុយអែត។
អង្គការណាតូប្រាប់ថា ខ្លួនកំពុងជួយអ៊ុយក្រែនប្រយុទ្ធដើម្បីភាពរស់រាន នៅចំពោះមុខការលុកលុយរបស់រុស្ស៊ី ហើយបានផ្តល់អាវុធទំនើបៗ ការហ្វឹកហ្វឺន និងការស៊ើបការណ៍សម្ងាត់ដល់ទីក្រុងគីវ៕