
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមជួយសង្រ្គោះនៅរដ្ឋភាគខាងត្បូង Karnataka ប្រទេសឥណ្ឌា បានសង្រ្គោះជីវិតក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលអណ្តូងទឹកគេបោះបង់ចោល ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ប្រតិបត្តិការជួយសង្រ្គោះ បានធ្វើឡើងអស់រយៈពេលជិត ២០ម៉ោង ក្រោយក្មេងប្រុសដើរធ្លាក់ចូលក្នុងអណ្តូងដោយចៃដន្យ ពេលរូបគេកំពង់លេង ។
ក្រុមជួយសង្រ្គោះ មកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ Karnataka បានផ្តល់អុកស៊ីសែនដល់ក្មេងប្រុសដែលជាប់ក្នុងអណ្តូង ហើយនិងបានទូរស័ព្ទហៅរថយន្តគិលានសង្រ្គោះឲ្យមករង់ចាំមុន ពេលប្រតិបត្តិការជួយសង្រ្គោះ កំពុងធ្វើឡើង ។
លោក Siddaramaiah គឺជាអភិបាលរដ្ឋ Karnataka បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា បើសិនជាអណ្តូងរីង ឬស្ងួតទឹក មិនបានបិទ ជីវិតមនុស្សគ្មានកំហុសនឹងត្រូវឆក់យកទៅ ។ លោកបន្តថា ឧបទ្ទេវហេតុបែបនេះ កើតឡើងញឹកញាប់ខ្លាំងណាស់ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ៕