
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា) នេះ បានលើកឡើងថា រុស្ស៊ីមិនអាចជាគោលដៅសម្រាប់ពួកប្រកាន់គម្ពីរនិយមរបស់សាសនាឥស្លាមទេ ដោយការលើកឡើងនេះកើតមានជិត ២សប្តាហ៍បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១៤៤នាក់ ត្រូវបានសម្លាប់ នៅជិតទីក្រុងមូស្គូ ក្នុងហេតុការណ៍ការបាញ់ប្រហារដ៏ធំមួយ ដែលត្រូវបានអះអាងដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមថា ជាស្នាដៃរបស់ខ្លួន។
តាមរយៈអត្ថាធិប្បាយលើទូរទស្សន៍ លោក ពូទីន បាននិយាយថា៖ «យើងមានគ្រប់ហេតុផលទាំងអស់ ក្នុងការជឿថា គោលដៅចម្បងនៃអ្នកដែលបានបញ្ជាឲ្យមានអំពើភេរវកម្មបង្ហូរឈាម និងអាក្រក់ពន់ពេក នៅទីក្រុងមូស្គូ គឺធ្វើឲ្យខូចដល់ការរួបរួមរបស់យើង»។
លោកបានបន្ថែមទៀតថា៖ «មិនមានការមើលឃើញលើគោលដៅផ្សេងទៀតនោះទេ។ វាគ្មានទេ ពីព្រោះរុស្ស៊ីមិនអាចជាគោលដៅនៃការវាយប្រហាររបស់ភេរវករ ដែលជាពួកគម្ពីរនិយមរបស់សាសនាឥស្លាមនោះទេ។ យើងជាប្រទេសដែលបង្ហាញពីគំរូតែមួយគត់ពីការមានភាពសុខដុមរមនា និងសាមគ្គីភាពខាងជំនឿសាសនា ពោលគឺភាពស្រុះស្រួលអន្តរសាសនា និងអន្តរវប្បធម៌។
គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ការវាយប្រហារនេះត្រូវបានបញ្ជាដោយប្រទេសអ៊ុយក្រែន ខណៈពេលដែលមិនផ្តល់ភស្តុតាង ដើម្បីគាំទ្រដល់ការអះអាងនោះឡើយ។ អ៊ុយក្រែនបានបដិសេធការជាប់ពាក់ព័ន្ធ ហើយសហរដ្ឋអាមេរិកដែលបានព្រមានរុស្ស៊ីជាមុនអំពីការវាយប្រហារជិតកើតឡើងដោយពួកសកម្មប្រយុទ្ធឥស្លាមនោះ បាននិយាយថា ការលើកឡើងរបស់ទីក្រុងមូស្គូ គឺមិនសមហេតុផលទេ៕