ប្រជាជនហ្ស៊កដានី និងប៉ាឡេស្ទីន រាប់រយនាក់បានបន្តមកប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុង Amman ប្រទេសហ៊្សកដានី សម្រាប់សប្តាហ៍ទីពីរកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែមេសា ដើម្បីគាំទ្រលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ក្រុមអ្នកតវ៉ា បានស្រែកពាក្យផ្សេងៗ មានកាន់ផ្ទាំងបដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។

សន្ធិសញ្ញាសន្តិភាពរបស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺពុំមានការគាំទ្រខ្លាំងនោះទេក្នុងចំណោមពលរដ្ឋជាច្រើនដែលមើលឃើញថា ការធ្វើឱ្យមានលក្ខណៈប្រក្រតីភាពជាការក្បត់ទៅនឹងសិទ្ធិរបស់ជនរួមជាតិប៉ាឡេស្ទីនរបស់ពួកគេ។ អ្នកតវ៉ា ឈ្មោះ Imad al Malhi បាននិយាយថា យើងកំពុងស្នើឱ្យរដ្ឋាភិបាលហ៊្សកដានី លុបចោលសន្ធិសញ្ញា Wadi Araba ដោយលោកបាននិយាយបន្ថែមថាសន្ធិសញ្ញានេះ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសហ្ស៊កដានី។

ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករមកប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅនៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយ នៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីកាន់កាប់ប៉ាឡេស្ទីន។
យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ៊ុព័ទ្ធហ្កាហ្សា បានឲ្យដឹងថា ជម្លោះដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាក្រុមអ៊ីស្លាមនិយមគ្រប់គ្រងដែនដីនេះ អ៊ីស្រាអែលបានបើកការវាយប្រហារ និងបានបាញ់ផ្លោងទៅលើតំបន់ហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៣.០០០នាក់។
ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល ដែលអ៊ីស្រាអែលបាននិយាយថាមនុស្ស ២.២០០នាក់ ត្រូវបានសម្លាប់។