ក្រុមអ្នកសង្រ្គោះកោះតៃវ៉ាន់ កំពុងព្យាយាមតាមស្វែងរកមនុស្ស១៨នាក់ទៀតកំពុងបាត់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រោយគ្រោះរញ្ជួយដីកម្រិត៧,២ រ៉ិចទ័រ វាយប្រហារតំបន់ភ្នំនិង ឆ្នេរសមុទ្រភាគខាងកើតរបស់កោះនេះ ខណៈរលករញ្ជួយរាប់សិបលើកបានអង្រួនតំបន់រងគ្រោះមហន្តរាយនេះ ហើយអ្នកជាប់ខ្លួនក្រោមគំនរកម្ទេចថ្ម ត្រូវបានរំដោះចេញប្រកបដោយសុវត្ថិភាព។

ក្រុមអាជ្ញារក្នុងតំបន់បាននិយាយថាអ្នករបួសបានកើនឡើងដល់ប្រមាណ១.១០០នាក់ ។
ការរញ្ជួយដីកាលពីថ្ងៃពុធទី៣មេសា នៅក្នុងតំបន់ហ័រលៀន(Hualien)ដែលមានប្រជាពលរដ្ឋរស់នៅតិចតួច នៅភាគខាងកើតរបស់កោះនេះ បានសម្លាប់មនុស្ស១០នាក់ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ជាប់ខ្លួននៅក្នុងឧស្យានជាតិ ខណៈផ្ទាំងថ្មធំៗ បានរបេះធ្លាក់ពីលើភ្នំកាត់ផ្ដាច់ផ្លូវធ្វើដំណើរ។

នាយករដ្ឋានពន្លត់អគ្គិភ័យដែនកោះរបស់ចិនមួយនេះ បានដាក់ចំនួនមនុស្សនៅតែបាត់ខ្លួនចំនួន១៨នាក់ រួមទាំងជនបរទេស៤នាក់ ដោយបានបញ្ជាក់ថាជាជនជាតិឥណ្ឌា កាណាដា និងអូស្ត្រាលី និងនិយាយថា គេពុំអាចដឹងទីតាំងជាក់លាក់ថាពួកគេនៅទីណានោះទេ។

ប្រភពដដែលនេះ បានបន្ថែមថា មនុស្សចំនួន៦នាក់ ផ្សេងទៀតបាត់ខ្លួននៅពេលឡើងភ្នំ ហើយក្រុមសង្រ្គោះមានគ្នា៤៥នាក់ កំពុងព្យាយាមទៅឲ្យដល់ទីតាំងរបស់ពួកគេ។
ក្រុមអ្នកសង្រ្គោះបានបញ្ជាក់ថា មនុស្សប្រហែល៤០០នាក់ ត្រូវបាននាំចេញពីសណ្ឋាគារប្រណិតនៅក្នុងតំបន់ឧស្យានជាតិ តារ៉ូកូ ចច (Taroko Gorge)ប្រកបដោយសុវត្ថិភាព និងត្រូវបានផ្គត់ផ្គង់ជំនួយតាមឧទ្ធម្ភាគចក្រ ហើយក៏បានដឹកជញ្ជូនអ្នករងរបួសចេញពីតំបន់គ្រោះរួចរាល់ដែរ។
គួររម្លឹកថាមនុស្សជាង១០០នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងភាគខាងត្បូងរបស់កោះនេះកាលពីឆ្នាំ២០១៦ ខណៈរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បានអង្រួនកោះនេះផងដែរ ដែលបានឆក់យកជីវិតមនុស្សជាង២.០០០នាក់ កាលពីឆ្នាំ១៩៩៩៕