មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថាអេហ្ស៊ីប បានដាក់ចេញនូវសំណើបទឈប់បាញ់មួយដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ប៉ុន្តែសំណើនោះមិនបានរួមបញ្ចូលអ្វីថ្មីនោះទេ។

មន្រ្តីក្រុមហាម៉ាសរូបនេះបន្ថែមថា អ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក និងអេហ្ស៊ីប ចង់រក្សាដំណើរការបទឈប់បាញ់ឱ្យនៅតែមាន បើទោះបីជាពួកគេជឿជាក់ថា មានគម្លាតធំទូលាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។
មេដឹកនាំក្រុមហាម៉ាសនេះបាននិយាយថា ជុំថ្មីនៃកិច្ចចរចាអាចនឹងធ្វើឡើងនៅមុនពិធីបុណ្យ អ៊ីត អាល់ហ្វីត (Eid al-Fitr) ដែលជាការប្រារព្ធបញ្ចប់នៃបុណ្យរ៉ាម៉ាដាន នៅទីក្រុងគែរ នៅសប្តាហ៍ក្រោយ រវាងភាគីសម្រុះសម្រួល និងអ៊ីស្រាអែល ក្នុងការប៉ុនប៉ងថ្មីមួយដោយអ្នកសម្រុះសម្រួលដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។
នៅមុននោះ មន្ត្រីក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុងបេរ៉ូត ថាមិនមានការរីកចំរើននៅក្នុងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ ទោះបីជាក្រុមប៉ាឡេស្ទីនមួយនេះបង្ហាញភាពបត់បែនក៏ដោយ។

លោក ហាមដាន បានស្តីបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) ចំពោះភាពជាប់គាំងក្នុងកិច្ចចរចា ដោយនិយាយថាលោកកំពុងដាក់ឧបសគ្គដែលរារាំងភាគីទាំងពីរមិនឱ្យឈានដល់កិច្ចព្រមព្រៀងមួយ ហើយថាលោក ណេតាន់យ៉ាហ៊ូ «មិនចាប់អារម្មណ៍» ក្នុងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនោះទេ៕