ស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការសហប្រជាជាតិបានឯកភាពកាលពីថ្ងៃព្រហស្បតិ៍ ទី៤មេសា លើវិធានការនានាក្នុងគោលបំណងដាក់សម្ពាធលើរបសឹកសហភាពមីយ៉ាន់ម៉ា និងអ៊ីរ៉ង់ ដែលរដ្ឋាភិបាលរបស់ពួកគេត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាលើប្រជាជនរបស់ខ្លួន។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស បង្កើតឡើងដោយមានសមាជិកចំនួន៤៧ប្រទេស គាំទ្រជាឯកច្ឆ័ន្ទនូវវិធានការមួយ ដែលអំពាវនាវឱ្យរដ្ឋាភិបាលនានាបញ្ចៀសការនាំចេញ ឬលក់ឥន្ធនៈយន្តហោះទៅឲ្យសហភាពមីយ៉ាន់ម៉ា ប្រសិនបើពួកគេជឿថារបបយោធាកំពុងកាន់អំណាច អាចប្រើប្រាស់ប្រេងឥន្ធនៈដើម្បីរំលោភសិទ្ធិមនុស្សនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហែកហួរដោយសង្រ្គាម និងភាពចលាចលខាងនយោបាយ។

អង្គការនេះ ក៏បានជំរុញឱ្យបញ្ឈប់ការផ្ទេរអាវុធ គ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀតដោយខុសច្បាប់ទៅកាន់សហភាពមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍យោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ផងដែរ ។
អ្នកជំនាញឯករាជ្យទទួលបន្ទុកដោយក្រុមប្រឹក្សានេះ បានព្រមានកាលពីខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនអំពើហិង្សាលើជនស៊ីវិល ខណៈខ្លួនប្រឈមការដើរថយក្រោយបន្ថែមទៀតនៅលើសមរភូមិប្រឆាំងនឹងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។
យោធាបានដណ្តើមអំណាចជាងបីឆ្នាំកន្លងទៅពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី(San Suu Kyi) បង្កឲ្យមានការប្រឆាំងអហិង្សាទូទាំងប្រទេស ដែលត្រូវបានវាយទប់ទល់វិញដោយការបង្ក្រាបដ៏ហិង្សាយ៉ាងសាហាវពីសំណាក់កម្លាំងយោធា។ ការគាបសង្កត់បានរុញឱ្យមានការងើបតស៊ូប្រដាប់អាវុធ និងច្រានប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរហូតមកដល់បច្ចុប្បន្ន។

ក្រុមតស៊ូមតិរបស់អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ឈប់ការដឹកជញ្ជូនប្រេងខុសច្បាប់ទៅកាន់សហភាពមីយ៉ាន់ម៉ា ហើយកាលពីខែមករា បានចង្អុលពីទិន្នន័យការដឹកជញ្ជូន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងការដាក់ទណ្ឌកម្មនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍។អង្គការនេះបានបន្តទៀតថា យ៉ាងហោចណាស់ការដឹកជញ្ជូនប្រេងឥន្ធនៈចំនួនប្រាំពីរលើកបានទៅដល់មីយ៉ាន់ម៉ាកាលពីឆ្នាំមុន ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ចំពោះអង្គភាពស្តុកទុកក្នុងប្រទេសវៀតណាម៕