ប្រភពការទូតចំនួនពីរបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ទី៤មេសា សប្ដាហ៍នេះថាហ្វីលីពីន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈប្រទេសទាំងបួនពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែខ្លាំង ដើម្បីទប់ទល់ការរីកសាយឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

សមយុទ្ធនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៧មេសា សប្ដាហ៍នេះ នៅសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ ដែលទីក្រុងប៉េកាំងអះអាងសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្មានថ្ងៃមុនលោកប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន នៅថ្ងៃទី១១ខែមេសា សប្ដាហ៍ក្រោយក្នុងទីក្រុង Washington។

ប្រភពការទូតទាំងនោះ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ព្រោះសមយុទ្ធនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
កាលពីដើមសប្តាហ៍នេះ នាវាចម្បាំងអូស្ត្រាលី HMAS Warramunga បានទៅដល់ខេត្តកោះ Palawan របស់ហ្វីលីពីន ដែលប្រឈមមុខនឹងជម្លោះដែនទឹកដ៏ក្តៅគគុក។
យោធាហ្វីលីពីនបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺ សំដៅពង្រឹងទំនាក់ទំនងយោធាជាមួយបណ្ដាប្រទេសជាដៃគូ។

ភាពតានតឹងក្នុងតំបន់បានកក្រើកឡើងខ្លាំងកាលពីឆ្នាំមុន ដោយសារប្រទេសចិនកាន់តែមានទំនុកចិត្តក្នុងការអះអាងសិទ្ធិកាន់កាប់លើដែនទឹក ដែលអះអាងសិទ្ធិគ្រប់គ្រងដោយហ្វីលីពីន និងជប៉ុន ក៏ដូចជាលើ កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ផងដែរ។
ជាការឆ្លើយតប សហរដ្ឋអាមេរិកបានស្វែងរកការពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនក្នុងតំបន់ រួមទាំងជាមួយនឹងសម្ព័ន្ធមិត្តសន្ធិសញ្ញាជប៉ុន និងហ្វីលីពីនផងដែរ។
កិច្ចប្រជុំកំពូលដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែមេសា របស់លោក Biden ជាមួយ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅសេតវិមាន នឹងក្លាយជាកិច្ចប្រជុំចុងក្រោយបង្អស់ជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក៕