អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថាខ្លួននឹងកែសម្រួលយុទ្ធសាស្ត្រក្នុងសង្គ្រាមហ្កាហ្សា បន្ទាប់ពីការស្លាប់របស់បុគ្គលិកជំនួយ ៧ នាក់នៅក្នុងការវាយប្រហារតាមអាកាស ដែលយោធារបស់ខ្លួនបានទទួលស្គាល់ថាជាកំហុសដ៏ធំមួយ ហើយបន្ថែមថាការរកឃើញក្នុងការស៊ើបអង្កេត នឹងត្រូវបានបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះ។

ឧប្បត្តិហេតុកាលពីថ្ងៃច័ន្ទ បានធ្វើឱ្យលោកខាងលិចមានការខឹងសម្បារចំពោះចំនួនការស្លាប់ជនស៊ីវិលដែលកំពុងកើនឡើងនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាពិសេសនៅពេលដែលបុគ្គលិកទីភ្នាក់ងារផ្ទះបាយកណ្តាលរបស់ពិភពលោក (WCK) ត្រូវបានសម្លាប់ដែលរួមមានពលរដ្ឋអូស្ត្រាលី អង់គ្លេស ប៉ូឡូញ និងពលរដ្ឋសញ្ជាតិពីរ អាមេរិក-កាណាដា។

យ៉ាងហោចណាស់បុគ្គលិកមនុស្សធម៌ ១៩៦ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ចាប់តាំងពីខែតុលាមក នេះបើយោងតាមអង្គការសហប្រជាជាតិ។ បណ្ដាមេដឹកនាំអ៊ីស្រាអែល បានសម្តែងការសោកសៅចំពោះអ្វីដែលយោធាហៅថាជា «កំហុសដ៏ធ្ងន់ធ្ងរ» បន្ទាប់ពីការកំណត់អត្តសញ្ញាណខុសនៃក្បួនរថយន្តអង្គការ WCK នៅពេលយប់ នៅក្នុងតំបន់ប្រយុទ្ធដ៏ស្មុគស្មាញមួយ។

ស្ថាបនិកអង្គការសប្បុរសធម៌នេះ គឺមេចុងភៅដ៏ល្បី លោក ហូសេ អាន់ដ្រេស (Jose Andres) បាននិយាយថា ក្បួនរថយន្តនោះត្រូវបាន «តម្រង់គោលដៅជាប្រព័ន្ធ» ទោះបីជាយោធាអ៊ីស្រាអែលដឹងពីការចល័តរបស់បុគ្គលិករបស់លោក ដោយបានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថានោះគ្រាន់តែជាកំហុសដោយអចេតនា ខណៈលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧបទ្ទវហេតុនេះ៕